បណ្តាញសង្គម

រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្ត្រីបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាពស្តីពីការការពារជំងឺឆ្លង និងជំងឺមិនឆ្លងឱ្យបានទូលំទូលាយ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យមន្ត្រីបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព លើការចាក់ថ្នាំបង្ការ និងការគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លងរួមមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីប្រជាពលរដ្ឋចៀសផុតពីជំងឺទាំងនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រី សូមយកចិត្តទុកដាក់បន្ថែមទៀតលើការងារសុខភាពផ្លូវចិត្តផងដែរ។នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំការងារប្រចាំខែកក្កដា ឆ្នាំ ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត កាលពីរសៀលថ្ងៃទី ២៥ កក្កដា

នាទីស្តីការក្រសួង លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលទាំងអស់ បន្តពង្រឹងប្រព័ន្ធសេវាថែទាំសុខភាព គ្រប់កម្រិត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីកម្រិតមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ

ដើម្បីធានាឱ្យបាននូវការផ្តល់សេវាបានល្អប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ទាំងសេវាសាធារណៈ និងឯកជន។ ក្នុងនោះ ក៏ត្រូវពង្រឹងក្រុមការងារផ្តល់សេវា តាមការបណ្តុះបណ្តាល ទាំងមុនបម្រើការងារ និងពេលកំពុងបម្រើការងារ

ព្រមទាំងការពង្រឹងការអប់រំសុខភាព ដោយបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព លើការចាក់ថ្នាំបង្ការ និងការគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លងមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម

និងសូមយកចិត្តទុកបន្ថែមទៀតលើការងារសុខភាពផ្លូវចិត្តផងដែរ។លោករដ្ឋមន្ត្រី ក៏បានផ្តល់ជូនបទពិសោធ និងចំណេះដឹងអំពីការធ្វើឱ្យបានប្រសើរ និងរលូនបន្ថែមទៀតអំពីដំណើរការរដ្ឋបាល

នៃនាយកដ្ឋាន និងអង្គភាពនីមួយៗ ដែលជាការចាំបាច់បំផុតចូលរួមក្នុងការធ្វើឱ្យការផ្តល់សេវាសាធារណៈគ្រប់ទម្រង់ និងគ្រប់ផ្នែកកាន់តែមានប្រសិទ្ធភាព និងគុណភាពដូចរំពឹងទុក៕

ដកស្រង់ពី៖ កម្ពុជាថ្មី