បណ្តាញសង្គម

​ម្ចាស់អាជីវកម្មអត់អាជ្ញាប័ណ្ណប្រហោងពោះធ្លុង បើដឹងពីសារដ៏ក្ដៅគគុកពីពន្ធដារ​

ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម អេង រតនា បានរំឮកដល់ ក្រុមហ៊ុន ឬ សហគ្រាសណាដែលធ្វើសកម្មភាពអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារ គ្មានអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ នឹងត្រូវទទួលរងពិន័យពី ៥ ០០០ ០០០ រៀល ដល់ ១០ ០០០ ០០០រៀល ឬអាចជាប់ពន្ធធនាគារពី ១ខែ ដល់ ១ឆ្នាំ ឬអាចជាប់ទោសទាំងពីរនេះ។

ឯកឧត្តម ថ្លែងដូចច្នេះក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការពង្រឹង ការអនុវត្តកាតព្វកិច្ចរបស់ភ្នាក់ងារសេវាពន្ធដារ" ដល់ក្រុមហ៊ុនដែលបំពេញសេវាកម្មជាភ្នាក់ងារ ចំនួន១០០ក្រុមហ៊ុន កាលពីថ្មីៗនេះ។ ឯកឧត្តម បញ្ជាក់ថា៖«ភ្នាក់ងារសេវាកម្មពន្ធដារ ដើរតួយ៉ាងសំខាន់ ដើម្បីពង្រឹងវប្បធម៌បង់ពន្ធ ពង្រឹងតម្លាភាពលើលិខិតប្រកាសបង់ពន្ធ និងធ្វើឲ្យការប្រកាសបង់ពន្ធរបស់អ្នកជាប់ពន្ធមានភាពត្រឹមត្រូវ»។

គូសបញ្ជាក់ថា ភ្នាក់ងារសេវាកម្មពន្ធដារ គឺជាបុគ្គលមានសិទ្ធិធ្វើជាអ្នកតំណាងស្របច្បាប់ពីអ្នកជាប់ពន្ធ មានសិទ្ធិជំនួសមុខឲ្យអ្នកជាប់ពន្ធក្នុងការបំពេញកាតកិច្ចពន្ធ ដូចជា ដាក់លិខិតប្រកាសសារពើពន្ធ, ធ្វើទំនាក់ទំនងជាមួយរដ្ឋបាលសារពើពន្ធ, បំពេញបែបបទពន្ធដារ និងពន្យល់ពីបទបញ្ញត្តិច្បាប់ពន្ធដារដល់អ្នកជាប់ពន្ធ ជាដើម។

ដើម្បីទទួលអាជ្ញាប័ណ្ណជាភា្នក់ងារសេវាកម្មពន្ធដារ ជនឬបុគ្គលនោះត្រូវឆ្លងកាត់លក្ខខណ្ឌប្រឡង ឬជាគណនេយ្យករ និងសវនករជំនាញ ចេញពីសមាជិកវិទ្យាស្ថានគណនេយ្យករនិងសវនករជំនាញកម្ពុជា។ រីឯលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មជា ភា្នក់ងារសេវាកម្មពន្ធដារ គឺត្រូវមានអាជ្ញាប័ណ្ណគណនេយ្យ និងសវនកម្មពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ដកស្រង់ពី៖Sabay