បណ្តាញសង្គម

លោក ហ៊ុយ វណ្ណៈ៖ យើងរួមគ្នាកម្ចាត់នូវព័ត៌មានសំរាម ព្រោះព័ត៌មាននេះបង្កគ្រោះថ្នាក់ខ្លាំងណាស់ ដល់សង្គមសព្វថ្ងៃ

(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នក សារព័ត៌មានកម្ពុជា បានថ្លែងថា អ្នកសារព័ត៌មានទាំអស់ និយាយឡែក និងនិយាយជារួម ប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាកម្ចាត់ និងលុបបំបាត់នូវ ព័ត៌មានសំរាម ចេញឲ្យអស់ពី ប្រទេសកម្ពុជា។

ក្នុងសិក្ខាសាលា ស្តីអំពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា ព័ត៌មានសំរាម គឺជាព័ត៌មានដែល បំភ្លៃខុសពីការពិត ហើយកំពុងតែបំពុល សង្គមកម្ពុជា តាមរយៈបណ្ដាញព័ត៌មានសង្គម (Social Media)។

ប្រធានសហភាព សហព័ន្ធអ្នកសារព័ត៌មាន បានថ្លែងយ៉ាងដូច្នេះថា «យើងធ្លាប់តែលឺពាក្យមួយថា Fake News ជាព័ត៌មានប្រឌិត ខ្ញុំថានៅបរិបថកម្ពុជា យើងសព្វថ្ងៃគួរ ប្រើពាក្យថ្មីមួយទៀត គឺហៅថា ព័ត៌មានសំរាម ដែលព័ត៌មានសំរាមនេះ គឺបំពុលសង្គម ជារៀងរាល់ថ្ងៃ តាមរយៈប្រព័ន្ធ Social Media ដែលអ្នកសារព័ត៌មាន យើងទាំងអស់មាន ការប្រុងប្រយ័ត្ន រួមគ្នាបោសសម្អាត បោសសម្អាត  ព័ត៌មានសំរាមនេះ ចេញពីការបោះពុម្ពផ្សាយរបស់យើង»។

បើតាមលោក ហ៊ុយ វណ្ណៈ ការប្រើពាក្ យព័ត៌មានសំរាមនេះ ដើម្បីទម្លាក់តម្លៃឲ្យ អ្នកបង្កើនព័ត៌មាន នេះទៅនឹងសំរាម ហើយមួយវិញទៀត អ្នកដែលបានទទួល នូវព័ត៌មាននេះ ចូរកុំឲ្យតម្លៃឲ្យសោះតែម្ដង ព្រោះវាកំពុងតែបំពុលយើងហើយ។

លោក ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា កាលពីពេលកន្លែង ទៅព័ត៌មានសំរាមនេះ គ្រាន់តែជាភាព ចៃដន្យតែប៉ុណ្ណោះ ដោយអ្នកបំពុលនោះ បានយករូបភាពចាស់ មកបង្ហោះជាថ្មីឡើងវិញ ដែលកាឡៃខុសពីការ ពិតជាក់ស្ដែង ប៉ុន្ដែចុងក្រោយនេះ មិនមែនជាភាពចៃដន្យនោះទេ គឺមានអង្គការចាត់តាំងតែម្ដង ដែលបង្កើតឲ្យមានការយល់ ច្រឡំក្នុងសង្គម។

ជាមួយគ្នានោះ លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានលើកឡើងដែរថា ក្រសួងប្រៃសណីយ៍ ត្រៀមខ្លួនដើម្បីចូលរួម ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីលុបបំបាត់ នូវព័ត៌មានសំរាម ដែលកំពុងតែបំភ្លៃការ ពិតនាពេលសព្វថ្ងៃនេះ។

រដ្ឋលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា ក្រសួង នឹងរៀបចំបទបញ្ញត្តិមួយ ជាមួយអ្នកពាក់ព័ន្ធ ព្រោះថាបទដ្ឋានគតិយុត្តិ ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ដើម្បីកំណត់ថា តើការបំភ្លៃនោះចូល ក្នុងបទល្មើសប្រភេទណា ហើយអ្នកប្រព្រឹត្តនោះ ត្រូវមានទោសកម្រិតណា។

ប៉ុន្ដែការងារនេះ ក្រសួងប្រៃសណីយ៍ មិនអាចធ្វើម្នាក់បាននោះទេ គឺច្បាស់ណាស់ត្រូវតែមានការសហការគ្នា៕

ដកស្រង់ពី៖ Fresh News