បណ្តាញសង្គម

នៅព្រឹកនេះ ប្រកាសឲ្យចូលកាន់តំណែង ប្រធានមន្ទីរព័ត៌មានថ្មីខេត្តរតនគិរី, រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ផ្តល់អនុសាសន៍គន្លឹះៗមួយចំនួនដល់មន្រ្តីក្រោមឱវាទ

(រតនគិរី)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាស តែងតាំងលោក កុល ផាន់ណា ជាប្រធានមន្ទីរ ព័ត៌មានថ្មីប្រចាំ ខេត្តរតនគិរី ជំនួសលោក ឆាយ បូរិន ដែលត្រូវផ្លាស់ មកបម្រើការងារ នៅក្រសួងព័ត៌មាន។

ពិធីប្រកាស តែងតាំងនេះ ប្រព្រឹត្តទៅក្នុង សាលប្រជុំសាលា ខេត្តរតនគិរី ដោយមានការ ចូលរួមពីលោក ថង សាវុន អភិបាលខេត្ត រតនគិរី ស្នងការ និងមេបញ្ជាការ កម្លាំងប្រដាប់ អាវុធទាំង ៣ប្រភេទ ប្រធានមន្ទីរ- អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទូទាំងខេត្តរតនគិរី។

បន្ទាប់ពីលោក ឆាយ បូរិន អតីតប្រធានមន្ទីរ ព័ត៌មានខេត្ត អានរបាយការណ៍រួច លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោក ថង សាវុន បានលើកឡើងថា វិស័យព័ត៌មាន គឺជាអ្នកចម្លងនូវរូបភាព និងសូរសំឡេង សព្វសារពើ និងគ្រប់ទីកន្លែងទៅ មនុស្សគ្រប់ៗរូប និងគ្រប់ទីកន្លែង ទោះបីជារូបភាពពិត ឬយ៉ាងណាក៏ដោយ ក៏ទិដ្ឋភាពទាំងអស់នោះ បានធ្វើឲ្យ គេអាចដឹង ឃើញ និងយល់ដឹង ទៅតាមការត្រិះរិះ ពិចារណា របស់គេម្នាក់ៗ ហេតុនេះដើម្បី ផលិតបាននូវព័ត៌ មានដែលមានតម្លៃ និងមានសារប្រយោជន៍ សម្រាប់មនុស្ស ទូទៅនោះ ចាំបាច់ណាស់ ត្រូវការអ្នកគ្រប់គ្រង និងដឹកនាំខាងវិស័យនេះ ដែលមានភាពឆ្លាតវៃ និងរហ័សរហួន អាចបត់បែន និងឆ្លើយតបបាន ទាន់ហេតុការណ៍។

ជាងនេះទៅទៀត លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានជំរុញឲ្យមន្ត្រី រាជការក្នុង មន្ទីរព័ត៌មាន ត្រូវមានស្មា រតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ និងត្រូវបំពេញ ភារកិច្ចទៅតាម តួនាទីរៀងៗខ្លួន។

សូមបញ្ជាក់ថា ក្នុងពិធីខាងលើនេះដែរ លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានផ្តល់ជូនម៉ាស៊ីនផ្សាយ ទូរទស្សន៍ ១គីឡូវ៉ាត់ (`១KW) និង DTV ២គ្រឿង សម្រាប់ បម្រើការក្នុងវិស័យ ព័ត៌មានក្នុងខេត្តរតនគិរី៕

ដកស្រង់ពី៖  Fresh News