បណ្តាញសង្គម

​ទេសរដ្ឋមន្រ្តី អៀង មូលី៖ «​​ការពិគ្រោះយោបល់ ស្តីពីការរៀបចំផែនទី បង្ហាញផ្លូវ​ក្នុងការឆ្លើយតប នឹងមេរោគអេដស៍,ជំងឺអេដស៍ នឹងក្លាយជាទស្សនវិស័យ ប្រកបដោយចីរភាព នៅកម្ពុជា»

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងសង្កត់ធ្ងន់ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនទីបង្ហាញផ្លូវ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ប្រកបដោយចីរភាពនៅកម្ពុជា» នឹងក្លាយជាប្រធានបទដ៏សំខាន់ នៃសិក្ខាសាលាដែលយើងនឹងលើកមកបង្ហាញ និងពិភាក្សា ក្នុងរយ:ពេល២ថ្ងៃនេះ គឺការពិនិត្យមើលអំពីទស្សនវិស័យ ដែលចង្អុលទិសដល់ការរៀបចំ ផែនទីបង្ហាញផ្លូវមួយដ៏មានប្រសិទ្ធភាព (to envision a successful transition and guide development of roadmap) ក្នុងការធានាចីរភាព ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា។

ការថ្លែងបែបនេះរបស់លោក ទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានធ្វើឡើង ក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនទីបង្ហាញផ្លូវ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ប្រកបដោយចីរភាពនៅកម្ពុជា» នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ នៅឯសណ្ឋាគាររ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ដោយក្នុងនោះមានការអញ្ជើញចូលរួម ពីសំណាក់ លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ UNAIDS, លោកស្រី Vladanka Andreeva នាយកប្រចាំប្រទេសនៃអង្គការ UNAIDS, លោកស្រី Shreehant Prabhakaran ប្រធានគ្រប់គ្រងគម្រោង HP+/ Palladium ប្រចាំកម្ពុជា ព្រមទាំងអស់លោក លោកស្រី តំណាងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ទាំងជាតិ-អន្តរជាតិ ជាច្រើននាក់ទៀត។

ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងបន្តថា លទ្ធផលដែលរំពឹងទុកនៃសិក្ខាសាលាមានបីចំណុចដូចខាងក្រោមទី១,អ្នកចូលរួមក្នុងសិក្ខាសាលា ទទួលបានការយល់ដឹងច្បាស់លាស់អំពី ហានិភ័យដែលដែលរារាំង ដល់ការធានាចីរភាពនៃការឆ្លើយតប នឹងមេរោគអេដស៍និងជំងឺអេដស៍ នៅប្រទេសកម្ពុជា និងបានស្វែងរកនូវសកម្មភាព កាត់បន្ថយហានិភ័យទាំងនោះ។ទី២, រៀបចំអនុសាសន៍រួមមួយ ដែលជាការឯកភាពពីអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងសិក្ខាសាលា ក្នុងការកំណត់ ពីសកម្មភាពមួយចំនួនដែលកាត់បន្ថយហានិភ័យ។ទី៣, អនុសាសន៍មួយចំនួនត្រូវបានបង្កើតឡើង ដើម្បីផ្តល់ក្របខ័ណ្ឌមួយសម្រាប់ ការរៀបចំផែនទីបង្ហាញផ្លូវក្នុង ការធានានិរន្តរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា។

លោកបន្តថា សិក្ខាសាលារយៈកាលពីរថ្ងៃនេះ គឺជាដំណាក់កាលទី៣ នៃកិច្ចខិតខំប្រឹងប្រែងរួមរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ក្នុងវិថីឆ្ពោះទៅកាន់ការធានាចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា។ ក្នុងរយៈកាលជាងពីរទសវត្សរ៍កន្លងមក យើងបានធ្វើការរួមគ្នាចលនាធនធាន ជាង៨០០លានដុល្លារ ដើម្បីឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដែលមួយចំនួនធំជាហិរញ្ញប្បទានបានមក ពីក្រៅប្រទេស។ ក្នុងវិថីឆ្ពោះទៅកាន់ចីរភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានខិតខំប្រឹងប្រែងបំពេញភារកិច្ច ទៅតាមអាណត្តិការងាររបស់ខ្លួន នៅក្នុងដំណាក់កាលអន្តរកាលនេះ ដូចខាងក្រោម ៖

១) រាជរដ្ឋាភិបាលកម្ពុជាបានរួមចំណែកជាថវិកាចំនួន ៣,៧លានដុល្លារ ក្នុងការទិញឱសថ ប្រឆាំងមេរោគអេដស៍ និងឱសថព្យាបាលជំងឺឱកាសនិយម ពីឆ្នាំ២០១៥ ដល់២០១៧ ហើយកម្ពុជានឹងបន្ថែមកញ្ចប់ថវិកានេះរហូតដល់ ៤,៥លានដុល្លារ ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ ក្នុងការទិញឱសថទាំងនេះ។

២) រាជរដ្ឋាភិបាលកម្ពុជាឯកភាពក្នុងការផ្តល់សហហិរញ្ញវត្ថុ ៥,២លានដុល្លារ ដើម្បីទាក់ទាញនូវការគាំទ្រពេញលេញនូវសំណើថវិកា ៤១,៦លានដុល្លារ ពីមូលនិធិសកល នៅឆ្នាំ២០១៨-២០២០។

៣) បន្ថែមពីលើនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាននិងកំពុងជំរុញឱ្យមានការគាំទ្រពហុវិស័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលក្នុងនោះ សមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានណែនាំឱ្យរៀបចំកញ្ចប់ថវិកាផ្ទាល់របស់ ស្ថាប័នខ្លួន។

៤) លើសពីការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ ការចូលរួមគួរឱ្យកត់សម្គាល់ផ្នែកស្ថាប័នត្រូវបានសង្កេតឃើញតាមរយៈ ការទទួលយកតួនាទីប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល និងជាអ្នកទទួលជំនួយផ្ទាល់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របពេលដែលក្រសួងសុខាភិបាលទទួលតួនាទីជា អ្នកអនុវត្តឈានមុខ នៃហិរញ្ញប្បទានពីមូលនិធិសកល សម្រាប់ឆ្នាំ២០១៨-២០២០ខាងមុខ។សំខាន់ជាងនេះទៅទៀត ស្តង់ដារប្រតិបត្តិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវបានប្រើប្រាស់ជំនួស ស្តង់ដារប្រតិបត្តិការរបស់មូលនិធិសកល។

៥) ដោយមានការគាំទ្រពីក្រសួងផែនការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានប្រឹងប្រែង ក្នុងការសម្របសម្រួលឱ្យអ្នកជំងឺអេដស៍ទទួលបាន អត្តសញ្ញាណប័ណ្ណគ្រួសារក្រីក្រ ដែលចាប់ផ្តើមពីខេត្តចំនួន៨ ក្នុងឆ្នាំ២០១៦។ នេះជាការបើកផ្លូវឆ្ពោះទៅកាន់ការគាំទ្រឱ្យមានការគាំពារសង្គមជាប្រព័ន្ធមួយ (ដែលរួមបញ្ចូលនូវ មូលនិធិសមធម៌សុខាភិ បាល) ដែលជាតម្រូវការដ៏ធំធេងនៃគ្រួសារទទួលរងគ្រោះដោយមេរោគអេដស៍ និងប្រជាជនគន្លឹះនៅតាមទីក្រុង។

៦) ដើម្បីគាំទ្រនូវកិច្ចប្រឹងប្រែងក្នុងវិមជ្ឈការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំស្តង់ដារប្រតិបត្តិការដោយដាក់បញ្ចូលមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ/ផែនការវិនិយោគឃុំ។

៧) ដោយឡែក នៅមានការវិភាគ និងវាយតម្លៃលទ្ធភាពធានាចីរភាពនៃការឆ្លើយតបនឹង មេរោគអេដស៍និងជំងឺអេដស៍ដែលមានជាអាទិ៍៖

• ពិនិត្យមើលការវិវឌ្ឍនៃសន្ទស្សន៍ស្តីពី ចីរភាពនៃការឆ្លើយតប នឹងមេរោគអេដស៍និងជំងឺអេដស៍ (Sustainability Index Dashboard, SID) ចាប់ពីឆ្នាំ២០១៥ ក្នុងក្របខ័ណ្ឌជំនួយ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍ។

• ការចូលរួមរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅក្នុង ដំណើរការវាយតម្លៃ (Prospective Country Evaluation, PCE) ដែលសំដៅលើការពិនិត្យលទ្ធផល ដែលប្រទេសកម្ពុជាទទួលបានពីការឧបត្ថម្ភ ពីមូលនិធិសកល និងដៃគូអភិវឌ្ឍន៍ និងសិក្សាពីមេរៀនដែលទទួលបាន ពីគំរូដែលគាំទ្រដោយមូលនិធិសកល។

ក្នុងរយ:ពេល២ថ្ងៃនៃសិក្ខាសាលានេះគឺជា ជំហាននៃការការរៀបចំផែនទីបង្ហាញផ្លូវ ក្នុងការធានាចីរភាពការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា ក្នុងបរិការមួយ ដែលរាជរដ្ឋាភិបាលប្តេជ្ញាលុបបំបាត់មេរោគអេដស៍ នៅត្រឹមឆ្នាំ២០២៥ គឺរយៈពេល៥ឆ្នាំមុន កាលកំណត់របស់ពិភពលោកទាំងមូល៕

ដកស្រង់ពី៖FRESH NEWS