បណ្តាញសង្គម

ទេសរដ្ឋមន្ត្រី ឆាយ ថន៖ ការកាត់បន្ថយភាពក្រីក្រមិនមែនជាការងារ ដែលយើងអាចសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំនោះទេ

(កែប)៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ការកាត់បន្ថយភាពក្រីក្រ មិនមែនជាការងារដែល យើងអាចសម្រេចបានក្នុង រយៈពេលមួយឆ្នាំ ឬពីរឆ្នាំនោះទេ ហើយកិច្ចការនេះ គឺជាកាតព្វកិច្ចរបស់យើងទាំង អស់គ្នាចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។

លោកទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកអញ្ជើញជា អធិបតីក្នុងសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការផ្សព្វផ្សាយទិន្នន័យ គ្រួសារក្រីក្រ ឆ្នាំ២០១៧ ដែលធ្វើឡើងរួមគ្នារវាងខេត្តកែប និងខេត្តកំពត និងមានការចូលរួមពីសំណាក់ អង្គការសង្គមស៊ីវិលក្រៅ រដ្ឋាភិបាលយ៉ាងច្រើនកុះផងដែរ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងយ៉ាងដូច្នេះថា «ជាការពិតណាស់ ការកាត់បន្ថយភាពក្រីក្រ មិនមែនជាការងារ ដែលយើងអាចសម្រេច បានក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំនោះទេ ហើយកិច្ចការនេះ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។

ដូច្នេះរាល់សកម្មភាពការងារ ក៏ដូចជាការអន្តរា គមន៍ទាំងឡាយ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការរួមចំណែក ឆ្ពោះទៅរកការកាត់ បន្ថយភាពក្រីក្រ»។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺបានដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត និងមានភាពឈ្លាសវៃបានដាក់ចេញ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយ កំណែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យ ដូចមានចែងនៅក្នុង យុទ្ធសាស្ដ្រចតុកោណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលគោលដៅទាំងនេះ គឺជាកត្ដាគន្លឹះសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា៕

ដកស្រង់ពី៖  Fresh News