បណ្តាញសង្គម

ក្រសួងការបរទេស ធ្វើសន្និសីទកាសែត ស្តីពីការជាប់ជាអនុប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៣ របស់កម្ពុជា

(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសន្និសីទកាសែតមួយ ពាក់ព័ន្ធនឹងករណីកម្ពុជា បានជាប់ជាអនុប្រធាន នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៣។ តាមការជូនដំណឹង សន្និសីទនេះ នឹងធ្វើឡើងនៅស្តីការ ក្រសួងការបរទេស ដោយមាន លោក អ៊ុច បូររឹទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអ្នកផ្តល់បទសម្ភាស។

អ្នកសារព័ត៌មានជាច្រើន ត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុង សន្និសីទពិសេសមួយនេះ។ សូមបញ្ជាក់ថា កម្ពុជា និងប្រទេសចំនួន១៥ ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំង ឱ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិក អចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្រសួងការបរទេស បានអះអាងថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋាភិបាលកម្ពុជា នៅក្នុងស្មារតីលើកតម្កើងកិត្យានុភាព និងកិត្តិយសជាតិ នៅលើឆាកអន្តរជាតិ បានដាក់បេក្ខភាព កម្ពុជាជាអនុប្រធាននៃមហាសន្និបាត ការសហប្រជាជាតិលើកទី៧៣ នៅខែមករា ឆ្នាំ២០១៧។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ បេក្ខភាពរបស់ព្រះរាជាណាក្រកម្ពុជា និងប្រទេសចំនួនបួនផ្សេងទៀត ទទួលបានការគាំទ្រជាផ្លូវការ ដោយប្រទេសនៃក្រុម តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើជាអនុប្រធាននៃមហា សន្និបាតអង្គការសហ ប្រជាជាតិលើកទី៧៣។ ក្រសួងការបរទេស បានបន្តទៀតថា ក្នុងឋានៈជាអនុប្រធាន នៃមហាសន្និបាត អង្គការសហប្រជាជាតិ កម្ពុជាអាចមានឱកាសដឹកនាំកិច្ចប្រជុំរបស់មហាសន្និបាត ជំនួសមុខប្រធាន និងតាមសំណើរបស់ប្រធាន។

លើសពីនេះទៀត កម្ពុជាក៏នឹងក្លាយជាសមាជិក នៃគណៈកម្មាធិការទូទៅ ដែលមានមុខងារដូចជាពិនិត្យ របៀបវារៈបណ្តោះអាសន្ន និងបញ្ជីបន្ថែមចំនុចពិភាក្សា ផ្តល់អនុសាសន៍ដល់មហាសន្និបាត និងជួយដល់ប្រធាននិងមហាសន្និបាត ក្នុងការរៀបចំរបៀបវារៈ សម្រាប់កិច្ចប្រជុំពេញអង្គនីមួយៗ ហើយនិងក្នុងការងារ ទូទៅរបស់មហាសន្និបាត។

គួរកត់សម្គាល់ដែរថា ព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវបានជ្រើសតាំងលើកដំបូង ជាអនុប្រធាននៃសម័យ ប្រជុំមហាសន្និ-បាតអង្គការសហ ប្រជាជាតិលើកទី៥៦ អាណត្តិឆ្នាំ ២០០១-២០០២ផងដែរ៕

ដកស្រង់ពី៖ Fresh News