បណ្តាញសង្គម

អភិបាលរាជធានីភ្នំពេញ ជំរុញលើការងារធ្វើប្រទានកម្មដីធ្លី ស្ដីពីការបំបែកក្បាលដីក្នុងបុរី

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំស្ដីពី ការធ្វើប្រទានកម្ម និងផ្តល់ប័ណ្ណកម្មសិទ្ធិដី និងបំបែកក្បាលដីក្នុងបុរី សំរាប់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដោយជំរុញធ្វើការងារ នេះឲ្យបានលឿន ជូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌនីមួយៗ ត្រូវធ្វើការត្រួតពិនិត្យ និងស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យ បានច្បាស់ដែលរស់នៅ តាមតំបន់១ចំនួន។

តំបន់ខ្លះត្រូវបានកំណត់ដោយ ស.ជ.ណ រួចហើយ និងឈានទៅធ្វើប្រទានកម្មដីនោះ និងផ្តល់បណ្ណ័កម្មសិទ្ធ ជូនប្រជាពលរដ្ឋ។

លោកអភិបាល រាជធានីភ្នំពេញបន្តថា មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី រាជធានីភ្នំពេញ បានបំពេញការងារទាំងថ្ងៃ ទាំងយប់ លើការងារបោះពុម្ព សន្លឹកបណ្ណ័កម្មសិទ្ធិ ក៏ដូចជា ការងារចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ និងផ្តល់ប័ណ្ណកម្មសិទ្ធស្របច្បាប់ ជូនបងប្អូន។

អាជ្ញាធរខណ្ឌនីមួយៗ បានលើកឡើងពីនិន្ន័យតំបន់ ត្រូវធ្វើប្រទានកម្មដីធ្លី និងផលប៉ះពាល់។ ពាក់ពន្ធ័នឹងសំណើសុំការ អនុញ្ញាតធ្វើប្រទានកម្ម និងផ្តល់បណ្ណ័កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ដែលរស់នៅមិនរៀបរយលើ ដីអាងស្តុកទឹកទួលគោកទី១ សង្កាត់បឹងកក់ទី២ និងអាងស្តុកទួលគោកទី២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលមានពាក់ពន្ធ័នឹងផ្លូវ រថភ្លើងដែរនោះ លោក ឃួង ស្រេង បញ្ជាក់ថា អង្គប្រជុំបានកំណត់គំលាត ពីអក្ស័ផ្លូវរថភ្លើងសងខាង គឺខាងត្បូងផ្លូវ១១ម៉ែត្រ និងខាងជើងផ្លូវ១៥ម៉ែត្រ ចាប់ពីត្រឡោកបែកដល់ វិថីគីមអ៊ីលស៊ុង។

ចំណែកអាងស្ដុកទឹកត្រូវទុក ទំហំទទឹងប្រឡាយ២៤ម៉ែត្រ និងទុកចំណីប្រឡាយ សំរាប់ធ្វើផ្លូវ និងបុកស៊ីផាយដើម្បីបញ្ជៀស ការរំលោភប្រឡាយ តទៅទៀត។

ចំពោះកំណាត់ផ្លូវអម ផ្លូវរថភ្លើងចាប់ពីផ្លូវគីម អ៊ីលស៊ុងដល់រាជាយ ស្ម័យយានកម្ពុជា ត្រូវថយ១២ម៉ែត្រពីអក្ស័ ផ្លូវរថភ្លើង។

នៅមានទីតាំងមួយចំនួន ដែលត្រូវដោះស្រាយតាម និតិវិធីសុរិយោដី និងការផ្តល់ប្រទានកម្មដីជូន បងប្អូនប្រជាពលរដ្ឋ ឲ្យបានលឿនឈានទៅផ្តល់ បណ្ណ័កម្មសិទ្ធិស្រប ច្បាប់ជូនបងប្អូន៕

ដកស្រង់ពី៖ Fresh News