បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នឹងមានការចុះហត្ថលេខាជាមួយចិន ដើម្បីសាងសង់ផ្លូវក្រវាត់រាជធានីភ្នំពេញទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ

(ភ្នំពេញ)៖ ដោយគិតពីបញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេស កម្ពុជាកំពុងតែបន្ដការអភិវឌ្ឍនោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នឹងមានការចុះហត្ថលេខា ជាមួយសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីសាងសង់ផ្លូវក្រវាត់ រាជធានីភ្នំពេញទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញ ជាអធិបតីបើកការដ្ឋាន សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ដែលជាស្ពានអាកាសទី៦ នៅក្នុងរាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមហ៊ុន វិនិយោគទុន អាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងកំពុងតែធ្វើផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ តែនៅពេលខាងមុខ យើងនឹងធ្វើផ្លូវខ្សែ ក្រវ៉ាត់ក្រុងទី៣ បន្ថែមទៀត ដែលនឹងចុះហត្ថលេខាជាមួយ សាធារណរដ្ឋប្រជាមានិតចិន នៅពេលខាងមុខនេះ»។

ក្រៅពីគម្រោងផ្លូវខ្សែក្រវាត់ ក្រុងទី៣ហើយនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅក្នុងពិធីនៅព្រឹកមិញនេះ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនមែនត្រឹមធ្វើស្ពាន បន្ថែមនៅរង្វង់មូល ចោមចៅនោះទេ ពោលរាជរដ្ឋាភិបាល កំពុងសិក្សាធ្វើស្ពានអាកាស  នៅកន្លែងដ៏ទៃទៀត ដើម្បីកាន់តែបង្កលក្ខណៈ ងាយស្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ស្របពេលយានយន្ដកាន់ តែមានកំណើតជាបន្ដបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា នៅពេលសម្ដេចទៅទស្សនកិច្ច នៅប្រទេសជប៉ុន សម្ដេចបានពិភាក្សាជាមួយ នាយករដ្ឋមន្ដ្រីជប៉ុន អំពីការធ្វើរថភ្លើងលើអាកាស ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ ព្រោះបើមិនប្រើវិធីនោះទេ គឺការកកស្ទះចរាចរណ៍នេះ នៅតែបង្កការលំបាក។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងដម្កល់ប្រយោជន៍ ជាតិជាធំរូបនេះ ក៏បានរំលឹកថា កាលពីមុនគិតត្រឹម រកទឹកស្អាត និងភ្លើងសម្រាប់ប្រើប្រាស់ មិនបានគិតដល់ការកកស្ទះចរាចរទេ តែពេលបច្ចុប្បន្នទាមទារឲ្យ មានការគិតគូរដោះស្រាយ បញ្ហាកកស្ទះចរាចរ ដែលជាហេតុនាំឲ្យមាន ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាបន្តបន្ទាប់។

បើតាមសម្ដេចនាយករដ្ឋមន្ដ្រី រាជធានីភ្នំពេញបច្ចុប្បន្ន ក្រោយរំដោះចេញពី របបប្រល័យពូជសាសន៍ ប្រមាណ៤០ឆ្នាំមកនេះ បានក្លាយជាទីក្រុងពោរពេញដោយ ការអភិវឌ្ឍ និងរីកចម្រើន ខណៈដែលផ្ទៃដីបានរីក ធំពីត្រឹម៣០០គីឡូម៉ែត្រក្រឡា ដល់ទៅជាង ៦០០គីឡូម៉ែត្រក្រឡា ហើយក៏ប្រឈមការកកស្ទះ៣យ៉ាង រួមមាន៖ កកស្ទះចរាចរ កកស្ទះលូ និងកកស្ទះសំរាម ខណៈដែលរឿងបែបនេះ កាលពីទសវត្សរ៍ឆ្នាំ៨០ មិនមាននោះឡើយ៕

ដកស្រង់ពី៖ Fresh news