បណ្តាញសង្គម

អភិបាលខេត្តកំពង់ធំ ប្រគេនទានវស្សា និងទេយ្យទានដល់ព្រះសង្ឃចំនួន៣វត្ត ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

(កំពង់ធំ)៖ ដោយប្រកាន់ខ្ជាប់នូវទំនៀម ទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ បាននាំយកទានវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ដែលគង់នៅក្នុងចំនួន៣វត្ត ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងនោះវត្តដែលទទួល ទានវស្សាទាំង៣វត្តនោះ រួមមាន៖ វត្តស្រយ៉ូវ វត្តទួលវិហារ និងវត្តសីតធម្មោពោធិ៍មង្គល ក្នុងក្រុងស្ទឹងសែន ដោយវត្តនីមួយៗទទួលបាន ទានព្រះវស្សា១គូ អង្ករ ៣០០គីឡូក្រាម ទឹកក្រូច៤កេះ ទឹកសុទ្ធ៤កេះ និងថវិកាមួយចំនួន ដើម្បីទុកប្រើប្រាស់ ក្នុងរដូវចូលវស្សា រយៈពេលបីខែនេះ។

ក្នុងពិធីនោះដែរ លោក សុខ លូ បានលើកឡើងថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិ មានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារ វិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ព្រះសង្ឃ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមខ្លួន និងឯកសារឱ្យបានគ្រប់គ្រាន់ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ដើម្បីបងប្អូនអាចចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ កុំបីខាន ដើម្បីជ្រើសរើស ថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ។

ព្រះគ្រូចៅអធិការវត្តទាំងអស់ បានសម្តែងនូវការស្វាគមន៍ ចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ក្រុង រួមនឹងមន្ត្រីក្រោមឱវាទ ដែលបាននាំយកទានព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ មួយចំនួនមកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅ ក្នុងវត្តទាំង ៣វត្តនេះ បានឆ្លុះបញ្ចាំងពីការយក ចិត្តទុកដាក់ដល់ព្រះសង្ឃ ក៏ដូចជាវិស័យព្រះពុទ្ធសាសនា។

ដោយឡែកនៅវត្តទួលវិហារ លោកអភិបាលខេត្តកំពង់ធំ និងលោក ឃឹង នុភាព បេក្ខជនតំណាងរាស្រ្តពេញសិទ្ធិ បានឧបត្ថម្ភបន្ថែម នូវស៊ីម៉ង់ត៍ ចំនួន១០តោន ដើម្បីជួយកសាងបរិវេណវត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត៕

ដកស្រង់ពី៖ Fresh News