បណ្តាញសង្គម

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តស្វាយរៀង អាណត្តិទី២

ស្វាយរៀង៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០១៤ នេះ បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងពិធីប្រកាស ចូលកាន់តំណែង សមាជិក ក្រុមប្រឹក្សា ខេត្តស្វាយរៀង ចំនួន ១៥ នាក់ ដោយពិធីនេះ បានប្រព្រឹត្តធ្វើឡើង នៅសាលប្រជុំ សាលាខេត្តស្វាយរៀង ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ជៀង អំ អភិបាលខេត្ត ស្វាយរៀង បានឲ្យដឹងថា លទ្ធផល នៃការបោះឆ្នោត ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ នៅក្នុងខេត្តស្វាយរៀង  ជាលទ្ធផល គណបក្សនយោបាយ ដែលទទួលបាន សំឡេងគាំទ្រ មានចំនួនពីរគណបក្ស នយោបាយ គឺគណបក្សប្រជាជនកម្ពុជា សំឡេងគាំទ្រ សម្រាប់ក្រុមប្រឹក្សាខេត្ត មានចំនួន១៣រូប និងគណបក្ស សង្គ្រោះជាតិ សំឡេងគាំទ្រ សម្រាប់ក្រុមប្រឹក្សាខេត្ត មានចំនួន២រូប ។

ឯកឧត្តម ជៀង អំ  ក៏បានលើកឡើង នូវលទ្ធផលការងារ និងការរីកចម្រើន របស់ខេត្ត ដែលសម្រេចបាន ដោយរដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី១ ហើយបន្តទិសដៅ សម្រាប់អាណត្តិទី២ ទៅលើការបម្រើប្រជាជន ទូទាំងខេត្តស្វាយរៀង ។

បន្ទាប់ពីមន្រ្តី អគ្គនាយករដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានឡើងអាន នូវព្រះរាជក្រិត្យ ស្តីពីការតែង តាំងប្រធាន និងសមាជិក ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលមាន១៥រូប ព្រមទាំងការឡើង ប្ដេជ្ញាចិត្តរបស់ ឯកឧត្តម គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត តំណាងឲ្យ ក្រុមប្រឹក្សាខេត្ត ស្វាយរៀង អាណត្តិទី២រួចមក លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រុមប្រឹក្សាខេត្ត ដែលបាន ចូលកាន់តំណែង ទាំង ១៥រូប គឺជាតំណាង ប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង ទាំងមូល ដែលមានភារកិច្ច ត្រូវបម្រើប្រជា ពលរដ្ឋ ដោយស្មើភាព និងបំពេញការងារ របស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែង ក្នុងការអភិវឌ្ឍន៍ មូលដ្ឋាន ខេត្ត ក្រុង ស្រុក ដោយមិនត្រូវប្រកាន់និន្នាការ នយោបាយនោះឡើយ ។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍បន្តថា ការបោះឆ្នោត ក្រុមប្រឹក្សាកន្លងមកនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ និងវាយតម្លៃខ្ពស់ថា បានប្រព្រឹត្តិទៅ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយជាពិសេស ទៅទៀតនោះ លទ្ធផលនៃការបោះឆ្នោត ត្រូវបានទទួលស្គាល់ពី គ្រប់គណបក្សនយោបាយ ដែលបាន ចូលរួមប្រកួតប្រជែង ។ 

លោកជំទាវ ម៉ែន សំអន ក៏បានជំរុញឲ្យ ក្រុមប្រឹក្សាខេត្ត ដែលទើបតែទទួលតំណែងថ្មី ត្រូវបើកកិច្ចប្រជុំ វិសាមញ្ញលើកទី១ មិនឲ្យហួស១៥ថ្ងៃ បន្ទាប់ពីបានចូលកាន់តំណែង ទៅតាមច្បាប់ដែលបានកំណត់៕