បណ្តាញសង្គម

ក្រុមប្រឹក្សាខេត្តកំពត ស្ទឹងត្រែង និងប៉ៃលិន បើកវគ្គសិក្សាអំពីអភិបាលកិច្ច ដល់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីរបស់ខ្លួន

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខេត្តចំនួន៣ គឺខេត្តកំពត ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃ សម្រាប់សមាជិក ក្រុមប្រឹក្សាខេត្ត និងមន្រ្តីរបស់ខ្លួន អំពីមេរៀនចំនួនពីរគឺ៖ ១-គោលការណ៍ជាសាកល នៃអភិបាលកិច្ចល្អ និង២-ការតម្រង់ទិសដល់ក្រុម ប្រឹក្សាទើបកាន់តំណែងថ្មី។

ការបណ្តុះបណ្តាល លើមេរៀនទាំងពីរ ធ្វើឡើងដោយមានការ គាំទ្របច្ចេកទេស និងថវិកាពីសមាគមជាតិ ក្រុមប្រឹក្សារាជធានីខេត្ត ក្នុងគោលបំណងលើក កម្ពស់ការយល់ដឹងរបស់ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីពាក់ព័ន្ធ អំពីទ្រឹស្តី គោលនយោបាយ លិខិតគតិយុត្ត និងឆ្លុះបញ្ចាំងពីការ អនុវត្តការងារជាក់ស្តែង។

ខ្លឹមសារមេរៀនរួមមាន៖ តួអង្គនៅក្នុងសង្គមល្អ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម វិមជ្ឈការនិងវិមជ្ឈ ការនៅកម្ពុជា តួនាទីនិងការទទួល ខុសត្រូវរបស់ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ។

វគ្គបណ្តុះបណ្តាលនៅខេត្តកំពត រៀបចំឡើងក្រោម អធិបតីភាពលោក អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក យឹម សុខុម អនុប្រធានអចិន្រ្តៃយ៍ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។

ហើយគ្រូឧទ្ទេសពីសមាគម ជាតិក្រុមប្រឹក្សារាជធានី-ខេត្ត គឺលោក សុខ យ៉ាត សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ស្ពឺ និងលោក ហេង ស៊ឺ សមាជិកក្រុមប្រឹក្សា ខេត្តព្រះសីហនុ។

វគ្គបណ្តុះបណ្តាលនៅខេត្តស្ទឹងត្រែង រៀបចំឡើងក្រោម អធិបតីភាពលោក ឈឹម រចនា ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង ហើយសម្របសម្រួល ដោយគ្រូឧទ្ទេសពីសមាគម ជាតិក្រុមប្រឹក្សារាជធានី-ខេត្ត គឺលោក ឯម ដេត សមាជិកក្រុមប្រឹក្សាត្បូងឃ្មុំ និងលោកស្រី សុខ ចន្ធូ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ។

វគ្គបណ្តុះបណ្តាលនៅខេត្តប៉ៃលិន រៀបចំឡើងក្រោម អធិបតីភាពលោក ឡី ចន្ទឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ហើយសម្របសម្រួល ដោយគ្រូឧទ្ទេសពី សមាគមជាតិក្រុមប្រឹក្សា រាជធានី-ខេត្ត គឺលោក សួន សុធី សមាជិកក្រុមប្រឹក្សា បន្ទាយមានជ័យ និងលោក អេ សារុម សមាជិកក្រុមប្រឹក្សាបាត់ដំបង។

ដកស្រង់ពី៖ Fresh News