បណ្តាញសង្គម

ពិធីប្រកាសតែងតាំង ប្រធានសាខាពន្ធដារ ប្រកាសម្រួលភារកិច្ច និងតែងតាំង មន្ត្រីពន្ធដារ ខេត្តកំពង់ចាម

កំពង់ចាម៖ ពិធីប្រកាសតែងតាំង ប្រធានសាខាពន្ធដារ ប្រកាសម្រួលភារកិច្ច និងតែងតាំងមន្ត្រីពន្ធដារ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម យស់ ស៊ីម៉ារ៉ាត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តកំពង់ចាម ។

អញ្ជើញចូលរួម នាឱកាសនោះ មាន ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នានា និងអភិបាល អភិបាលរងក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ សាខាពន្ធដារ ខេត្តកំពង់ចាម យ៉ាងច្រើនកុះករ ។

លោក ជីវ ហាក់ អតីតប្រធាន សាខាពន្ធដារ ខេត្តកំពង់ចាម បានបញ្ជាក់ថា សាខាពន្ធដារ ទទួលបន្ទុកប្រមូលពន្ធ ចំណូល ចំនួន ១៧ ប្រភេទ ក្នុងនោះរដ្ឋ មាន ៨ប្រភេទ ថវិកាខេត្ត មាន ៨ប្រភេទ និងចំណូល មិនមែនសារពើពន្ធ ១ប្រភេទ ។ ចំពោះ លទ្ធផល នៃការគ្រប់គ្រង និងការប្រមូលសារពើពន្ធ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣ សរុបមានចំនួន ១០៧.៤៩៨.១១៣.៣១៥ រៀល ស្មើនឹង ១២០,៦២% នៃ ផែនការប្រចាំឆ្នាំ ។ ដោយឡែក រយៈពេល ៥ខែ ដើមឆ្នាំ២០១៤នេះ ការប្រមូលចំណូលពន្ធ សម្រេចបានចំនួន ៦.០៥១.៥៣៦.៩៥៨រៀល ស្មើនឹង ២៧.៨៦% នៃផែនការ ធៀបទៅនឹងឆ្នាំ២០១៣ រយៈពេលដូចគ្នា ប្រមូលបាន ៥.៥០៧.៦៣៣.១០០រៀល គឺស្មើ នឹង ១០៩,៨៨% ។

យោងតាមប្រកាសលេខ ៥៧០សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានតែងតាំង លោក ហេង កុសលបុត្រ ជាប្រធាន សាខាពន្ធដារ ខេត្តកំពង់ចាម និងប្រកាសម្រួលភារកិច្ច មន្ត្រីរាជការ ៣០រូប និងប្រកាសតែងតាំង មន្ត្រីរាជការ ០៣រូប ជាអនុប្រធាន សាខាពន្ធដារ ខេត្តកំពង់ចាម ផងដែរ ។ បន្ទាប់ពី ពិធីប្រគល់ប្រកាស និងប្រគល់ត្រា រួចមក លោក ហេង កុសលបុត្រ ជាប្រធាន សាខាពន្ធដារ ខេត្តកំពង់ចាម បានថ្លែងនូវ អំណរគុណ ចំពោះ រាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលផ្ដល់នូវទំនុកចិត្ត ក្នុងតួនាទីជា ប្រធានសាខាពន្ធដារ ខេត្តកំពង់ចាម ។

លោក ហេង កុសលបុត្រ បានប្ដេជ្ញាចិត្ត ដោយយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល និងអនុសាសន៍របស់ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ខិតខំយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានស្អិតរមួត ជាមួយនិងមន្ត្រីក្រោមឱវាទ គ្រប់លំដាប់ថ្នាក់ ឲ្យបានល្អប្រសើរ សហការ ជាមួយថ្នាក់ដឹកនាំខេត្ត និងទំនាក់ទំនង យ៉ាងជិតស្និតជាមួយមន្ទីរ អង្គភាព ស្ថាប័នានានា និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដើម្បីប្រមូលពន្ធ ឲ្យបានល្អប្រសើរ ។ ខិតខំបណ្ដុះបណ្ដាល បង្កើនសមត្ថភាពជំនាញ ដល់មន្ត្រីក្រោមឱវាទ ដើម្បីពង្រឹងសមត្ថភាព ស្ថាប័ន ពន្ធដារ និងរដ្ឋបាលពន្ធដារ ឲ្យបានរឹងមាំ ។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្ដម យស់ ស៊ីម៉ារ៉ាត និង ឯកឧត្ដម លន់ លឹមថៃ បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ លោក ជីវ ហាក់ អតីតប្រធានសាខាពន្ធដារខេត្ត ដែលបានពុះពារគ្រប់ឧបសគ្គ ក្នុងការបំពេញភារកិច្ច ជា ថ្នាក់ដឹកនាំដ៏ល្អ លើការងារស្នូល ក្នុងការប្រមូលពន្ធជូនរដ្ឋ ។ ឯកឧត្ដម បញ្ជាក់ដែរថា មន្ត្រីមុខងារសារធារណៈ ទោះបីធ្វើល្អយ៉ាងណា ក៏ដោយ ក៏ជៀសមិនរួចពី ការចូលនិវត្តន៍ឡើយ ។

ឯកឧត្ដម ក៏បានថ្លែងនូវ ការកោតសរសើរផងដែរ ចំពោះ ស្មារតីសាមគ្គីភាព កិច្ចខិតខំ សហការអនុវត្ត របស់មន្ត្រីសាខាពន្ធដារគ្រប់រូប ដែលបានខិតខំបំពេញភាពរកិច្ច ជាមួយរដ្ឋបាលខេត្ត ក្នុងការសម្រេចបានជោគជ័យ នូវកម្មវិធីអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ។

ដោយឡែក ប្រធានសាខាពន្ធដារថ្មី ដែលទើបបាន តែងតាំងនាពេលនេះ គឺត្រូវទទួលភារកិច្ចថ្មី ដើម្បីបន្តនិរន្តរ៍ភាពការងារ ពីប្រធានចាស់ ។ ដូច្នេះ សង្ឃឹមថា លោកប្រធានថ្មី គឺពិតជាមន្ត្រីល្អ ប្រកបដោយ ជំនាញវិជ្ជាជីវៈសីលធម៌ គុណធម៌ ច្នៃប្រឌិត មានសាមគ្គី និង មនសិការអនុវត្ត នូវគោលនយោបាយ យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល អាណត្តិទី៥ បានល្អប្រសើរ ជាពិសេស ជម្រុញលើកកម្ពស់ ប្រសិទ្ធភាព និងការសម្រេចនូវ បំណងក្នុងវិស័យនេះ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ ។

ទន្ទឹមនឹងនោះដែរ ដើម្បីស្វែង យល់អំពីភារកិច្ច នៃមុខតំណែងថ្មី បានល្អប្រសើរ និងប្រសិទ្ធភាព ត្រូវសិក្សាស្វែងយល់ អំពីច្បាប់នានា ក៏ដូចជាគោលការណ៍ ជាក់ស្ដែង របស់អាជ្ញាធរខេត្ត និងបេសកម្មចម្បងៗទាំង៣ របស់ការងារពន្ធដារ គឺ៖ ១.ការគ្រប់គ្រង និងប្រមូលចំណូល ពន្ធ-អាករ គ្រប់ប្រភេទ ឲ្យបានគ្រប់ ឬលើសផែនការ ២.ការផ្ដល់សេវា ដល់អ្នកជាប់ពន្ធ និង៣.ការអនុវត្តនូវកម្មវិធីចាប់បង្ខំ និងការដាក់ទោសទណ្ឌ ដល់អ្នកគេចពន្ធ ៕