បណ្តាញសង្គម

លោក ថោង ខុន ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងអាស៊ានបូក នៅវៀតណាម

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូ ក្រសួងទេសចរណ៍កម្ពុជា ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន និងអាស៊ានបូក នៅទីក្រុងហាឡុង ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ពោលគឺក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៩ (ASEAN Tourism Forum 2019) លើកទី៣៨ ក្រោមប្រធានបទ អាស៊ាន៖ អានុភាពតែមួយ “ASEAN: The Power of One”។

វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៩នេះ នឹងចាប់ផ្តើមដំណើរ ការនៅយប់ថ្ងៃស្អែកនេះ បន្ទាប់ពីកិច្ចប្រជុំយ៉ាងមមាញឹករបស់ ស្ថាប័នជាតិទេសចរណ៍ (NT0s) នៃប្រទេសជាសមាជិកអាស៊ាន អាស៊ានបូក និងសមាគមឧស្សាហកម្មទេសចរណ៍ អាស៊ាន ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែមករាមក។

សូមជម្រាបថា ប្រទេសកម្ពុជានឹងធ្វើម្ចាស់ផ្ទះ រៀបចំវេទិកាទេសចរណ៍អាស៊ាន (ATF) នៅឆ្នាំ២០២១ បន្ទាប់ពី ATF2020 នៅប្រទេសប្រ៊ុយ ណេដារុយសាឡឹម និងបន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះ ATF លើកទី៣០ កាលពី១០ឆ្នាំមុន នៅរាជធានីភ្នំពេញ។

វេទិកាទេសចរណ៍អាស៊ាន (ATF) ជាព្រឹត្តិការទេសចរណ៍អាស៊ាន មួយដ៏ធំដែលត្រូវរៀបចំវិលជុំ១០ឆ្នាំម្តង ដែលក្នុង មានការប្រជុំរដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន អាស៊ានបូក ការតាំងពិព័រណ៍ ទេសចរណ៍អន្តរជាតិ TRAVEX (ATF) ការផ្ដល់រង្វាន់ដល់ផ្នែកឯកជន និង សហគមន៍ទេសចរណ៍ នៃបណ្តាប្រទេសសមាជិក ដែលបានអនុវត្តគំរូតាមស្តងដានានាអាស៊ាន៕

ដកស្រង់ពី៖ Fresh news