បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន ព្រមានកម្ទេចក្រុមដែលរៀបចំកម្លាំង​​ដើម្បីធ្វើកុ​ប្បកម្ម ​ដោយមិនលើកលែងឲ្យជាដាច់ខាត

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលត្រូវបានគេហៅថាជាបុរសខ្លាំងរបស់កម្ពុជានោះ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសខ្លាំងៗថា ដោយព្រមានកម្ទេចក្រុមអង្គការចាត់តាំង ដែលរៀបចំកម្លាំងដើម្បីធ្វើកុប្បកម្ម ដើម្បីប្រឆាំងនឹងការអនុវត្តច្បាប់អ្វីមួយនៅកម្ពុជា ដោយមិនលើកលែងឲ្យជាដាច់ខាត។

ការព្រមានខ្លាំងៗរបស់បុរសខ្លាំងកម្ពុជារូបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាចាត់តាំងបណ្ដាញលួចលាក់ ដើម្បីត្រៀមរៀបចំកុប្បកម្មអត់ត្រូវបានអនុញ្ញាត ហើយមិនត្រូវបានលើកលែងជាដាច់ខាត ព្រោះនេះជាបែបកុប្បកម្ម ព្រោះអានៅខាងក្រៅប្រកាសថា មកចាប់ ហ៊ុន សែន។ ចឹងគេរៀបចំមួយសង្កាត់៥នាក់ ដូច្នេះផ្ដាំឲ្យហើយ ហ៊ុន សែន និយាយអីធ្វើហ្នឹង»។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់គ្រប់ពន្ធនាគារទាំងអស់នៅក្នុងប្រទេសកម្ពុជា ឲ្យបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ ដើម្បីអន្ដរាគមន៍រកផ្លូវចេញពីពន្ធនាគារជាដើម ដែលចំណុចនេះមិនត្រូវអនុញ្ញាតឲ្យកើតមានឡើងបន្ដទៀតនោះទេ។

សម្ដេចសង្កត់ធ្ងន់ថា អ្នកដែលលួចនិយាយទូរស័ព្ទក្នុងពន្ធនាគារទាំងឡាយ ត្រូវបានអ្នកជំនាញលើបញ្ហានេះស្ដាប់បានទាំងអស់។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បង្ហើបពីអ្វីដែលសម្ដេចបានដឹងពីសកម្មភាពរបស់ក្រុមអតីតបក្សប្រឆាំង ដែលកំពុងនៅក្នុងប្រទេសកម្ពុជាផងដែរ តាំងពីបញ្ហាដែលក្រុមប្រឆាំងប្រជុំគ្នានៅលើរថយន្ដ ចាប់ពីរាជធានីភ្នំពេញ ទៅដល់ខេត្តតាកែវជាដើម ដែលបញ្ហានេះសម្ដេចដឹងទាំងអស់ ប្រយ័ត្នសម្ដេចបញ្ជាឲ្យគេទៅវៃខ្នោះ ព្រោះអ្នកនោះត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ៕

ដកស្រង់ពី៖ Fresh News