បណ្តាញសង្គម

Apple​ អាច​នឹង​បញ្ចេញ​ iPhone​ មាន​ទំហំ​អេក្រង់​ 5.45​អ៊ីញ​ និង​ 6.7​អ៊ីញ​សម្រាប់​ឆ្នាំ​ 2020​ អម​ដោយ​កម្រិត​សេវា​ 5G​ ថែម​ទៀត​?​

រឿងរ៉ាវដែលកំពុងទាញប្រជាប្រិយភាព ពីសំណាក់អ្នកតាមដាន និងឃ្លាំមើល លើផលិតផលម៉ាកសញ្ញា ផ្លែប៉ោមឆែប គឺទាក់ទងជាមួយនឹង ម៉ូតកាមេរ៉ាខាងក្រោយ លើម៉ូឌែល iPhone ជំនាន់ថ្មី ដែលត្រៀមបង្ហាញវត្តមាន ជាផ្លូវការ ក្នុងពេលប៉ុន្មានខែ

ខាងមុខនេះ។ ពិតមែនហើយ មានប្រភពលេចធ្លាយ ជាច្រើន បានរំពឹងខ្ពស់ថា កាមេរ៉ាក្រោយរបស់ iPhone ឆ្នាំ 2019 ហ្នឹង គឺដឹងតែម៉ូតចង្គ្រានហ្គាសហើយ មិនអាចគេចផុតទេ ប៉ុន្តែសមត្ថភាពវិញ ក៏អាចនឹងមិនអន់នោះដែរ។

ឥលូវសូមទុករឿងចង្គ្រានហ្គាសហ្នឹង មួយដុំសិនទៅ ព្រោះពេលនេះ របាណ៍ការណ៍អនាគត ពាក់ព័ន្ធជាមួយ iPhone បានមកដល់ហើយ តាមរយៈលោកអ្នកវិភាគ Minh-Chi Kou ដែលអាចហៅកាត់ថា Kou ក៏បានដែរ។ លោក Kou បានធ្វើការគន់គូ និងនិយាយបង្ហាញ មកកាន់គ្រប់គ្នាថា ក្រុមហ៊ុន Apple អាចនឹងបញ្ចេញ iPhone ចំនួន 3 ស៊េរី សម្រាប់នៅក្នុងឆ្នាំ 2020 ដែលម៉ូឌែលនីមួយៗ គឺប្រើប្រាស់អេក្រង់ OLED សុទ្ធសាត តែម្តង លែងអោយភ្លក្សរសជាតិ IPS LCD ទៀតហើយ។ ចំពោះទំហំអេក្រង់ អាចនឹងរាងប្លែកជាងឆ្នាំទៅ (រួមទាំងឆ្នាំនេះ) ព្រោះ iPhone XR មានទំហំ 6.1 អ៊ីញ, iPhone XS មានទំហំ 5.8 អ៊ីញ និង iPhone XS Max មានទំហំ 6.5 អ៊ីញ ហើយសម្រាប់ឆ្នាំ 2020 ក្រុមហ៊ុនផ្លែប៉ោមឆែប អាចនៅរក្សាទំហំ 6.1 អ៊ីញដូចមុន (iPhone XR ដែលមានតម្លៃធូរថ្លៃ) តែមានបំពាក់អេក្រង់ល្អ គឺ OLED ប៉ុន្តែចំពោះទំហំ 5.8 អ៊ីញ (លើ iPhone XS) អាចធ្លាក់មកនៅត្រឹមទំហំ 5.45 អ៊ីញ និងទ្រទ្រង់ជាមួយ 5G បាន។ សម្រាប់ទំហំ 6.5 អ៊ីញ (លើ iPhone XS Max) អាចឡើងធំជាមុន ជាមួយទំហំ 6.7 អ៊ីញ និងទ្រទ្រង់ជាមួយកម្រិតសេវា 5G បានដូចគ្នា។ ចំណែកអ្នកទទួលបន្ទុកផ្នែក 5G នេះ អាចមកពីខាង Qualcomm ជាមួយនិង Samsung ហើយផ្នែក RF គឺអាចផ្គត់ផ្គង់ដោយ Broadcom។

សរុបមកវិញ នេះគ្រាន់តែជាការព្យាករណ៍ទុកមុន ពីលោកអ្នកវិភាគ Minh-Chi Kou ប៉ុណ្ណោះ ដោយវាមិនទាន់អាចយកជាផ្លូវការ បានក្នុងពេលនេះ នៅឡើយទេ ប៉ុន្តែអាចចំណាំទុកបាន ព្រោះគាត់ក៏ឧស្សាហ៍ទាយត្រូវ ញឹកញាប់ផងដែរ។ ចុះប្រិយមិត្តវិញ គិតយ៉ាងណាដែរ បើសិនរឿងហ្នឹង ក្លាយជាការពិតមែន?

ដកស្រង់ចេញពីCamborReport