បណ្តាញសង្គម

គូ​ស្នេហ៍​ត្រកូល Song មាន​ទ្រព្យ​សម្បត្តិ​ច្រើន​សន្ធឹកត្រូវចែកគ្នា ពេល​លែងលះ

តាមការរាយការណ៍ Song Joong Ki និង Song Hye Kyo មានទ្រព្យសម្បត្តិជាង ១០០ ពាន់លានវ៉ុន (ប្រមាណ ៨៦,៥ លានដុល្លារ) ត្រូវបែងចែកគ្នានៅពេលលែងលះ។

Maeil Business បានរៀបរាប់អំពីទ្រព្យសម្បត្តិរបស់ភាគីម្ខាងៗមានដូចតទៅនេះ ៖ ចំពោះ Song Joong Ki តម្លៃខ្លួនរបស់លោកបានកើនឡើងតាំងពីមុនរៀបការមកម្ល៉េះ ហើយលោកអាចរកចំណូលបានប្រមាណ ៣៤,៥ លានដុល្លារ ពីការថតពាណិជ្ជកម្មតែមួយមុខប៉ុណ្ណោះ។ តារាប្រុសរូបនេះក៏បានទិញអចលនទ្រព្យជាច្រើនជាមួយលុយដែលរកបានតាំងពីចូលប្រឡូកសិល្បៈ។

ជាក់ស្ដែងដូចជាបានទិញវីឡានៅភូមិ Seorae សង្កាត់ Seocho តម្លៃប្រមាណ ២,២ លានដុល្លារ និងទិញភូមិគ្រឹះនៅ Itaewon សង្កាត់ Yongsan តម្លៃប្រមាណ ៨,៦ លានដុល្លារ។ នៅមានផ្ទះនៅ Itaewon ដែលគ្រប់គ្នាដឹងថាជាផ្ទះសម្រាប់រស់នៅជាមួយ Song Hye Kyo ពេលរៀបការរួចទៀតផង។

ចំណែក Song Hye Kyo វិញ បានក្លាយជាតារាកំពូលតាំងពីយូរយារ យូរជាង Song Joong Ki ហេតុនេះ មិនចម្លែកទេដែលនាងមានទ្រព្យសម្បត្តិច្រើនជាង។ តារាវ័យ ៣៧ ឆ្នាំនេះមានផ្ទះដែលទិញនៅឆ្នាំ ២០០៤ ក្នុងតម្លៃ ៤,៣ លានដុល្លារ ដែលបច្ចុប្បន្នតម្លៃឡើងដល់ ៨,៦ លានដុល្លារ ហើយបានទិញវីឡាប្រណិតមួយតម្លៃ ២,៦ លានដុល្លារ។

Hye Kyo ក៏បានទិញផ្ទះមួយតម្លៃ ៧,៩ លានដុល្លារកាលពីឆ្នាំ ២០១៧ ផងដែរ។ លើសពីនេះនាងមានផ្ទះបីទៀតនៅតំបន់ Samseong ដែលមានតម្លៃសរុបប្រមាណ ១៧,៨ លានដុល្លារ។ Song Hye Kyo ក៏នៅមានខុនដូមួយដែលនាងរៀបចំដោយខ្លួនឯង អំឡុងពេលថតខ្សែភាពយន្តអាមេរិកនៅទីក្រុង New York ចំណងជើងថា "Fetish” កាលពីឆ្នាំ ២០០៨ ដែលមានតម្លៃ ១,៧ លានដុល្លារនាពេលនោះ។

ដោយសារតែគូស្នេហ៍នេះមានចំណងអាពាហ៍ពិពាហ៍មិនយូរ និងមានទ្រព្យសម្បត្តិច្រើនមុនពេលរៀបការ ហេតុនេះទ្រព្យសម្បត្តិដែលមានរួមគ្នាតាំងពីពេលរៀបការអាចមានចំនួនតិចតួចប៉ុណ្ណោះ។ Maeil Business ប៉ាន់ស្មានថាគូស្នេហ៍ត្រកូល Song នឹងព្រមចែកទ្រព្យគ្នាដោយនឹងមិនមានជម្លោះអ្វីជាដុំកំភួននោះទេ៕

ដកស្រង់ពី៖ Sabay