បណ្តាញសង្គម

លោក Tim Cook ពន្យល់​ប្រាប់​លោក Trump ថា​សង្គ្រាម​ពាណិជ្ជកម្ម​ជួយ​ដល់ Samsung ច្រើន​ជាង Apple ទៅ​វិញ​ទេ

កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Donald Trump បាននិយាយប្រាប់ ក្រុមសារព័ត៌មានថា ប្រធានប្រតិបត្តិ Apple លោក Tim Cook បានបញ្ចេញនូវគំនិត ដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលសង្គ្រាមពាណិជ្ជកម្ម

រវាងប្រទេសចិន និងសហរដ្ឋអាមេរិក តាមពិតទៅបានរារាំង Apple ឲ្យកាន់តែលែងអាច ប្រកួតប្រជែងជាមួយ Samsung បានតទៅទៀត។ ការសន្ទនារវាងលោក Tim Cook និងលោក Donald Trump គឺត្រូវបានកើតឡើង កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយពួកគាត់ទាំងពីរនាក់ បានចូលរួមអាហារពេលល្ងាច នៅក្លឹបវាយកូនហ្គោល របស់លោកប្រធានាធិបតី នៅឯតំបន់ Bedminster រដ្ឋ New Jersey សហរដ្ឋអាមេរិក ហើយលោក Trump ក៏បានរៀបរាប់ប្រាប់ អ្នកយកសារព័ត៌មាន Bloomberg, CNBC និង Fox News នៅពេលគាត់ធ្វើដំណើរ ទៅកាន់រដ្ន Washington វិញផងដែរ។

លោកប្រធានាធិបតី Donald Trump បានលើកឡើងថា គាត់មានការប្រជុំដ៏ល្អមួយ ជាមួយនឹងលោក Tim Cook ហើយក៏បានពន្យាល់គាត់ អំពីរឿងទាក់ទងទៅនឹង សង្គ្រាមពាណិជ្ជកម្ម នាពេលបច្ចុប្បន្ននេះ ថែមទៀតផង។ ខណៈពេលដែល ធ្វើការសន្ទនានោះ លោក Tim Cook បានបញ្ជាក់នូវហេតុផលល្អថា Samsung គឺជាគូប្រជែងលេខមួយសម្រាប់ Apple ហើយ Samsung មិនចាំបាច់ត្រូវការ បង់ពន្ធបន្ថែមនោះទេ ពីព្រោះរោងចក្ររបស់ពួកគេ នៅប្រទេសកូរ៉េខាងត្បូង។ ហេតដូច្នេះហើយ វាជារឿងដ៏ពិបាកមួយសម្រាប់ Apple ដែលត្រូវបង់ពន្ធបន្ថែម និងព្រមទាំងត្រូវប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុនយក្សមួយ ដែលមិនត្រូវបានរងគ្រោះ ទៅលើបញ្ហាមួយនេះ។

លើសពីនេះទៅទៀត លោក Trump បានបន្ថែមទៀតថា លោក Tim Cook ពិតជាយល់ឃើញបានល្អ ហើយគាត់កំពុងពិចារណា រកវិធីដោះស្រាយនូវបញ្ហានេះ ថែមទៀតផង។ ជាទូទៅផលិតផល Apple ស្ទើរតែគ្រប់ឧបករណ៍ទាំងអស់ គឺសុទ្ធដំឡើងនៅទឹកដីចិន ហើយនឹងត្រូវបានបន្ថែមពន្ធ 10% ចាប់ពីចុងឆ្នាំនេះតទៅ។ យ៉ាងណាមិញ Samsung មានខ្សែសង្វាក់ផ្គត់ផ្គង់ ចម្រុះច្រើនទីកន្លែង ដោយជាពិសេសដំឡើងផលិតផលនៅ ប្រទេសកូរ៉េខាងត្បូង ផ្ទាល់តែម្ដង និងប្រទេសវៀតណាមជាដើម។ ក្រៅពីនេះទៅទៀត Apple ក៏មានគម្រោងចង់ ផ្លាស់ប្ដូររោងចក្រផលិតកម្ម ចេញពីប្រទេសចិន ទៅកាន់តែប្រទេសដទៃទៀត ដើម្បីជៀសវាងនូវបញ្ហា បន្ថែមពន្ធទាំងអស់នេះ។

បើយោងទៅតាមរបាយការណ៍ ចេញផ្សាយកាលពីពេលថ្មីៗនេះ បានដាក់បង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក បានផ្ដល់រយៈពេលឲ្យ Huawei ចំនួន 90 ថ្ងៃបន្ថែមទៀត ដើម្បីរកដំណោះស្រាយ សម្រួលបញ្ហាដ៏ធំមួយនេះ ប៉ុន្ដែស្ថានភាពជាក់ស្ដែង ហាក់បីដូចជា មិនងាយបញ្ចប់ភ្លាមៗនោះទេ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Trump ក៏បានបង្ហើបពីគម្រោងថា Apple នឹងចំណាយថវិកាជាច្រើន ដើម្បីចាប់ផ្ដើមធ្វើការវិនិយោគ នៅលើទឹកដីសហរដ្ឋអាមេរិកវិញ នាពេលខាងមុខនេះ ប៉ុន្ដែមិនទាន់បញ្ជាក់ប្រាប់ ព័ត៌មានលម្អិតបន្ថែម នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport