បណ្តាញសង្គម

1ប្រអប់​ផ្ញើ​សារ​នៅ​ក្នុង YouTube នឹង​ត្រូវ​ដក​ចេញ​នៅ​ខែ​ក្រោយ​នេះ​ហើយ

កាលពីខែសីហាឆ្នាំ 2017 ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសចេញនូវ មុខងារផ្ញើសារថ្មីសម្រាប់ YouTube ជាលើកដំបូងបង្អស់ ដែលអាចប្រើបានទាំង កម្មវិធីស្មាតហ្វូន និងតាមវេបសាយផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អស់រយៈពេលប្រហែល 2 ឆ្នាំក្រោយមក ប្រអប់ផ្ញើសារនេះ ហាក់បីដូចជា មិនសូវមានអ្នកប្រើសោះ ហេតុដូច្នេះហើយ Google ក៏បានបញ្ជាក់ប្រាប់ថា ខ្លួននឹងដកមុខងារនេះចេញ នៅឯខែក្រោយនេះហើយ។

គោលបំណងនៃការបង្កើត មុខងារផ្ញើសារនៅលើកម្មវិធី YouTube គឺដើម្បីអាចឲ្យយើងងាយស្រួល ក្នុងការចែករំលែកវីដេអូ ឬពិភាក្សារឿងអ្វីមួយ នៅកម្មវិធីនេះផ្ទាល់តែម្ដង ដោយអាចលេងឆាត ជាលក្ខណៈបុគ្គលឯកជន ឬជាក្រុមក៏បានដែរ។ កាលពីពេលចេញដំបូងឆ្នាំ 2017 ប្រអប់ផ្ញើសារមានតែនៅ កម្មវិធីស្មាតហ្វូនប៉ុណ្ណោះ ប៉ុន្ដែបន្ទាប់ពីខែឧសភាឆ្នាំ 2018 រហូតមកដល់ពេលនេះ Google ក៏សម្រេចចិត្តបន្ថែមឲ្យ បើកនៅលើវេបសាយ ថែមទៀតផង។

មូលហេតុចម្បង ដែលអាចបណ្ដាលឲ្យ មុខងារផ្ញើសារនៅលើ YouTube គ្មានប្រជាប្រិយភាព គឺវាមិនមានផ្ដល់ជូននូវ មុខងារលេចធ្លោពិសេសនោះទេ ដោយឡែកកម្មវិធីលេងឆាត ផ្សេងៗជាច្រើនទៀត មានភាពងាយស្រួលប្រើជាង និងមានមុខងារលើសលប់ ជាដើម។ នាពេលឆាប់ៗខាងមុខនេះ YouTube នឹងលុបចោលមុខងារផ្ញើសារ ពីព្រោះចង់ផ្ដោតលើមុខងារ Stories ដូចជាកម្មវិធី Instagram ឬកម្មវិធី Snapchat វិញផងដែរ។

លើសពីនេះទៅទៀត Google ក៏បានបង្ហើបឲ្យដឹងថា ក្រុមការងាររបស់ខ្លួន នឹងផ្ដោតទៅលើការកែលម្អ ការសន្ទនាជាសាធារណៈ ដូចជាប្រព័ន្ធបញ្ចេញមតិ (Comments), ផុស (Posts) និងជាពិសេសមុខងារ Stories ហើយការបិទមុខងារផ្ញើសារ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី 18 ខែកញ្ញាឆ្នាំ 2019 នេះតទៅហើយ។ ហេតុដូច្នេះហើយ អ្នកទាំងអស់គ្នា នឹងចាប់អារម្មណ៍ឃើញថា ប្រអប់ផ្ញើសារ ដែលមានអក្សរតំណាងថា Shared បាត់ខ្លួនចេញពី ជ្រុងខាងស្ដាំផ្នែកខាងលើ នៃគេហទំព័រ YouTube.com ហើយសម្រាប់កម្មវិធី Android និង iOS គឺលែងឃើញមានប្រអប់សារ “Messages” ដោយគ្រាន់តែប្រអប់ដំណឹង “Notifications” ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport