បណ្តាញសង្គម

ឧត្តមសេនីយ៍ទោ យឹម ពឹម មេបញ្ជាការ កងពលតូចលេខ៨ បានទទួលមរណភាព នៅមន្ទីរពេទ្យមួយ នាទីក្រុងបាងកក

ព្រះវិហារ៖ ប្រភពព័ត៌មានពីតំបន់ ប្រាសាទព្រះវិហារ បានឱ្យដឹងថា លោកឧត្ដមសេនីយ៍ទោ យឹម ពឹម មេបញ្ជាការ កងពលតូចលេខ៨ ដែលប្រចាំនៅតំបន់ ប្រាសាទព្រះវិហារ បានមានជំងឺជាទម្ងន់ គឺដុះដុំសាច់ក្នុងខួរក្បាល ហើយបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមួយ នៃប្រទេសថៃនោះ បានស្លាប់ហើយ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤នេះ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា សពលោកឧត្តមសេនីយ៍ យឹម ពឹម នឹងដឹកយកមដល់មាត់ ច្រកអន្តរជាតិអូរស្មាច់ ប្រហែលម៉ោង៣ រសៀលថ្ងៃទី០២ ខែសីហា ដើម្បីរៀបចំធ្វើតាមប្រពៃណី ។

សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ទោ យឹម ពឹម ត្រូវបានគេស្គាល់ជាទូទៅថា មានថ្វីដៃខ្ពស់ នៅក្នុងការប្រយុទ្ធ តទល់ជាមួយនឹង ការឈ្លានពាន របស់ទាហានសៀម ចាប់តាំងពីពួកឈុតខ្មៅ បានចូលលុកលុយឈ្លានពាន ក្បែរតំបន់ប្រាសាទ ព្រះវិហារ ទឹកដីខ្មែរ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ។

លោកឧត្ដមសេនីយ៍ទោ យឹម ពឹម គឺជា មេបញ្ជាការយោធា សមរភូមិ ដែលគោរព បទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដ៏មានឥទ្ធិពលនៃកម្ពុជា នៅក្នុងការប្រយុទ្ធ តទល់ជាមួយទាហានសៀម ដែលបានឈ្លានពាន នាពេលកន្លងទៅ ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល