បណ្តាញសង្គម

១០ ឆ្នាំក្រោយស្លាប់មរតករបស់ Michael Jackson អាចរកលុយបានជិត ២ ពាន់លានដុល្លារ

ទ្រព្យសម្បត្តិរបស់ស្ដេចចម្រៀងប៉ុប Michael Jackson ត្រូវបានគេរាយការណ៍ថាមានការកើនឡើងដល់ជិត ២ ពាន់លានដុល្លារហើយ គិតក្នុងអំឡុងរយៈពេល ១០ ឆ្នាំចុងក្រោយ។

ឯកសារថ្មីមួយដែលសារព័ត៌មាន The Blast ទទួលបាន បានបង្ហាញថាមរតកដែលលោក Michael Jackson បានបន្សល់ទុក អាចស្វែងរកប្រាក់ចំណេញបាន ១,៧ ពាន់លានដុល្លារ ចាប់តាំងពីពេលលោកស្លាប់នៅឆ្នាំ ២០០៩ មក។ ក្នុងឯកសារដែលដាក់ជូនតុលាការតុលាការក្រុង Los Angeles អ្នកប្រតិបត្តិ និងមេធាវីនៃមរតករបស់ Michael បានបកស្រាយថាការកើនឡើងនៃប្រាក់ចំណេញនៃមរតកនេះ គឺដោយសារមានការស្ដារឡើងវិញនូវមុខមាត់របស់ស្ដេចចម្រៀងប៉ុប និងជោគជ័យនៃជំនួញ MJJ ក្នុងសហគ្រាសកម្សាន្ត។

គួរដឹងថាកាលពីឆ្នាំ ២០១៨ មានការបង្ហាញថា MJ បានឈរលើតំណែងកំពូលនៃ "តារាដែលបានស្លាប់ទៅហើយ អាចរកចំណូលបានច្រើនជាងគេ” ដែលជាឆ្នាំទី ៦ នៃការគ្រងតំណែងនេះ។ Michael Jackson បានលាចាកលោកនៅវ័យ ៥០ ឆ្នាំ នាខែមិថុនា ឆ្នាំ ២០០៩ ដោយបន្សល់ទុកទ្រព្យសម្បត្តិដល់ម្ដាយវ័យ ៨៩ ឆ្នាំរបស់ខ្លួន និងកូនៗដែលមានវ័យ ២២ ឆ្នាំ (ឈ្មោះ Prince), ២១ ឆ្នាំ (ឈ្មោះ Paris) និង ១៧ ឆ្នាំ (ឈ្មោះ Blanket)។

កូនៗទាំងបីនឹងទទួលបានមរតក ១ភាគ៣ នៅពេលចូលដល់វ័យ ៣០ ឆ្នាំ មួយចំណែកទៀតនៅអាយុ ៣៥ ឆ្នាំ និងសេសសល់គឺទទួលបាននៅអាយុ ៤០ ឆ្នាំ៕

ដកស្រង់ពី៖ Sabay