បណ្តាញសង្គម

ស្ដេចចម្រៀងប៉ុបឡាទីន ស្វាគមន៍កូនទី ៤

នៅថ្ងៃទី ៣០ ខែតុលានេះ តារាចម្រៀងសញ្ជាតិអាមេរិក/អេស្ប៉ាញ Ricky Martin បានបង្ហាញរូបភាពកូនប្រុសទើបនឹងកើតរបស់ខ្លួន នៅលើគណនី Instagram ដែលនេះគឺជាកូនទីបួនហើយ។

នៅក្នុងរូបភាពគេឃើញ "ស្ដេចចម្រៀងប៉ុបឡាទីន" បីកូននៅក្នុងដៃ និងត្រូវស្វាមីអោបត្រកង។ នៅពីក្រោមរូបភាព តារាវ័យ ៤៧ ឆ្នាំបានសរសេរថា ៖ "កូនប្រុសរបស់យើងឈ្មោះ Renn បានចាប់កំណើតហើយ។” កូនចំនួន ៣ នាក់ទៀតរបស់ Ricky គឺកូនភ្លោះអាយុ ១១ ឆ្នាំ ឈ្មោះ Matteo និង Valentino ហើយកូនស្រីឈ្មោះ Lucia អាយុ ៨ ខែ។ កូនរបស់ Ricky គឺសុទ្ធតែកើតតាមរយៈវិធីសាស្ត្រពពោះជំនួស។

នៅពេលកូនៗសួរថាហេតុអ្វីខ្លួនមានឪពុក ២ លោកបានប្រាប់ថា ៖ "ពួកយើងជាផ្នែកមួយនៃគ្រួសារទាន់សម័យ។ នេះគឺជាពេលវេលាដ៏អស្ចារ្យមួយនៃសេរីភាព”។ Ricky Martin បានបើកចំហអំពីការស្រឡាញ់ភេទដូចគ្នានៅឆ្នាំ ២០១០ ហើយខ្លួននិងស្វាមី Jwan Yosef បានចាប់ផ្ដើមទាក់ទងគ្នានៅឆ្នាំ ២០១៦។ តារាចម្រៀងរូបនេះធ្លាប់ទាក់ទងនឹងពិធីការនីទូរទស្សន៍សញ្ជាតិម៉ិកស៊ីកូអស់ជាង ១៤ ឆ្នាំ ដែលបានកូនភ្លោះប្រុសជាចំណងដៃ ហើយកូនភ្លោះគឺកើតតាមការពពោះជំនួស៕

ដកស្រង់ពី៖ Sabay