បណ្តាញសង្គម

RedmiBook 13 ចេញផ្លូវការ ប្រើ CPU ជំនាន់ទី 10 របស់ Intel ជាមួយតម្លៃចាប់ពី ២.៣៨ លានរៀល ឡើងទៅ (597 ដុល្លារ)

កាលពីម្សិលមិញ នៅក្នុងព្រឹតិ្តការណ៍មួយ ដែលធ្វើឡើងនៅក្នុងប្រទេសចិន ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនថ្មីមួយម៉ូឌែលទៀត ដែលស្ថិតនៅក្នុងត្រកូល K ជំនាន់ថ្មីរបស់ខ្លួន នោះគឺ Redmi K30 នោះឯង។

ដោយឡែកនៅក្នុងព្រឹត្តិការណ៍នោះដែរ ពួកគេក៏បានធ្វើការប្រកាសចេញផ្លូវការ នូវកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ខ្លួនផងដែរ ហើយវាមានឈ្មោះជាផ្លូវការថា RedmiBook 13។

RedmiBook 13 មានតួរខ្លួនស្តើង និងត្រូវបានផលិតឡើងពីលោហធាតុ លើសពីនេះទៅទៀត វាមានទំហំប៉ុនក្រដាស A4 ព្រមទាំងមានទម្ងន់ត្រឹមតែ 1.23Kg តែប៉ុណ្ណោះ ដែលមើលទៅប្រណិត និងស្រស់ស្អាត ថែមទាំងទាក់ទាញមែនទែន។ RedmiBook ត្រូវបានបំពាក់មកជាមួយអេក្រង់ដែលមានគែមខ្លី ទំហំ 13.3 អ៊ីញ ប្រភេទជា IPS-LCD ដែលកម្រិតបង្ហាញ Full HD។ ចំពោះកម្លាំងម៉ាស៊ីនវិញ RedmiBook 13 ភ្ជាប់មកជាមួយ CPU ជំនាន់ទី 10 របស់ក្រុមហ៊ុន Intel ចំនួន 2 ជម្រើស នោះគឺ Intel i5-10210U និង i7-10510U គួបផ្សំជាមួយ RAM ប្រភេទ DDR4 ទំហំ 8GB អមមកជាមួយអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 512GB។ ចំណែកឯ បន្ទះក្រាហ្វិកកាតវិញ RedmiBook 13 ប្រើប្រាស់ Nvidia GeForce MX250 GDDR5 ដែលមាន VRAM ទំហំ 2GB។ គួរបញ្ជាក់ផងថា វាក៏មានជម្រើសម៉ូឌែលគោល (Base Model) Core i5 ដែលភ្ជាប់មកជាមួយ GPU ប្រភេទ Integrated Graphics ផងដែរ។

រីឯ រន្ធតំណរភ្ជាប់វិញ RedmiBook 13 ភ្ជាប់មកជាមួយ រន្ធ USB 3.1 ចំនួន 2, រន្ធ HDMI ចំនួន 1, រន្ធសាកថ្មចំនួន 1, និងរន្ធសម្រាប់ដោតកាសដាក់ត្រចៀក 3.5mm ចំនួន 1។ RedmiBook 13 ភ្ជាប់មកជាមួយថាមពលថ្ម 40 Whr ព្រមទាំងអាចទ្រទ្រង់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន ផងដែរ។ ក្រុមហ៊ុន Xiaomi បានដាក់លក់ RedmiBook 13 ម៉ូឌែលគោល Core i5 ដែលមាន GPU ប្រភេទ Integrated Graphics ក្នុងតម្លៃប្រមាណជា ២ លាន ៣៨ ម៉ឺនរៀល (597 ដុល្លារ) ចំណែកឯ ម៉ូឌែលដែលប្រើ Core i5 មាន GPU Nvidia GeForce MX250 ត្រូវបានដាក់លក់នៅក្នុងតម្លៃប្រមាណជា ២ លាន ៥៦ ម៉ឺនរៀល (640 ដុល្លារ) និងតម្លៃ ២ លាន ៩៦ម៉ឺនរៀល (740 ដុល្លារ) សម្រាប់ម៉ូឌែលដែលប្រើ Core i7 មាន GPU Nvidia GeForce MX250។ ក្រុមហ៊ុន Xiaomi បានអនុញ្ញាតឲ្យអ្នកដែលរស់នៅក្នុងប្រទេសចិន អាចធ្វើការកុម្ម៉ង់ RedmiBook 13 ចាប់ពីថ្ងៃនេះតទៅ ហើយវានឹងបញ្ចេញលក់ជាផ្លូវការនៅថ្ងៃ ទី 12 ខែធ្នូ ខាងមុខនេះ តែម្តង។ គួរបញ្ជាក់តម្លៃខាងលើនេះ គឺជាតម្លៃដែលដាក់លក់នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/