បណ្តាញសង្គម

ដាក់ទុនវិនិយោគ ប្រមាណ ៨០លានដុល្លារអាមេរិក លើគម្រោង DIAMOND ONE នៅមជ្ឈមណ្ឌលកោះពេជ្រ

ភ្នំពេញ៖ ក្រុមហ៊ុន ស៊ីន ធានជាន (ខេមបូឌា) រៀល អ៊ីស្ទេត ឌីវេឡុបមីន បានបណ្ដាក់ទុនវិនិយោគ ប្រមាណ ៨០លានដុល្លារអាមេរិក ដើម្បីសាងសង់ ផ្ទះល្វែងពាណិជ្ជកម្ម នៅផ្នែកខាងក្រោម និងខុនដូនៅផ្នែកខាងលើ ដែលមានកំពស់១៥ជាន់ ។

ពិធីសម្ពោធការិយាល័យ សម្រាប់លក់ផ្ទះ ក្នុងគម្រោង DIAMOND ONE នៅ មជ្ឈមណ្ឌលកោះពេជ្រ បានធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ដោយមានការចូលរួមពី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនកុះករ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម អ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា សំណង់អគាររបស់គម្រោង DIAMOND ONE នេះតាម របាយការណ៍របស់ លោក Zhou ប្រធានក្រុមហ៊ុន ស៊ីន ធាន ជាន(ខេមបូឌា)រៀល អ៊ីស្ទេត ឌីវេឡុបមិន បានឲ្យដឹងថា លោក នឹងបណ្ដាក់ទុនវិនិយោគ ប្រមាណ៨០លាន ដុល្លារអាមេរិក ដើម្បីសាងសង់ ផ្ទះល្វែងពាណិជ្ជកម្ម នៅផ្នែកខាងក្រោម និងខុនដូ នៅផ្នែកខាងលើ ដែលមានកំពស់ ១៥ជាន់ ហើយមាន ៣៧២ឯកតា លើផ្ទៃដីសាងសង់៨,៦៧០ ម៉ែត្រការ៉េ និងមានការ សាងសង់ និងបំពាក់ ដោយសម្ភារៈបរិក្ខារ តាមបច្ចេកវិទ្យា ដ៏ទំនើបដែលមាន សោភ័ណភាព សុខមាលភាព សុវត្ថិភាពស្តង់ដារ អន្តរជាតិពិតៗ ទាន់សម័យកាល នៃពិភពលោកបច្ចុប្បន្ន ។

ក្នុងនាមជា ប្រធានសមាគមអ្នក សាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានសម្តែង ការអបអរសាទរ នូវសមិទ្ធផល ដ៏ប្រណិត និងថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ស៊ីន ធានជាន(ខេមបូឌា)រៀល អ៊ីស្ទេត ឌីវេឡុបមីន ដែលបានបណ្ដាក់ទុនវិនិយោគ អស់ជាច្រើនលើ ការសាងសង់អគារ គម្រោង DIAMOND ONE នេះ នៅកម្ពុជា។ នេះក៏ដោយសារ អ្នកវិនិយោគ ពិនិត្យឃើញពីស្ថិរភាពនយោបាយ និងភាពរីកចម្រើនសេដ្ឋកិច្ចជាតិ របស់កម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងគតិបណ្ឌិត របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះអ្នក ឧកញ៉ា ក៏សូមធ្វើការអំពាវនាវ ឲ្យក្រុមហ៊ុន និងវិនិយោគិន ដទៃទៀតស្នើឲ្យមក ធ្វើការវិនិយោគ និងបណ្តាក់ទុន បន្ថែមទៀតឲ្យ បានច្រើននៅកម្ពុជា។

លោកអៀង អូននី អភិបាលរងរាជធានីភ្នំពេញ ដែលបានអញ្ជើញចូលរួមជា កិត្តិយស នៅក្នុងពិធីសម្ពោធ ការិយាល័យ លក់ផ្ទះក្នុងគម្រោង DIAMOND ONE បាន មានប្រសាសន៍ បញ្ជាក់ថា នៅក្នុងគម្រោងនេះ ក្រៅពីការស្ថាបនា អគារជាន់ខ្ពស់ អាគារពាណិជ្ជកម្ម សណ្ឋាគារ លំដាប់ផ្កាយប្រាំ មជ្ឈមណ្ឌល តាំងពិព័រណ៍ សាលប្រជុំ ជាដើមនោះ ក៏រួមមានធ្វើការស្ថាបនា ផ្សារទំនើបខ្នាតធំ សាលារៀន មន្ទីរពេទ្យ ក្លឹបហាត់ប្រាណ ដែលមានបំពាក់ដោយប្រព័ន្ធ ទំនើបទាន់សម័យ ដោយផ្តល់ជូនការ រស់នៅដោយ មានផាសុខភាព ។

ក្រៅពីនេះយោងតាមគំនិត ឌីហ្សាញ នៃភាពពេញនិយមលក្ខណៈអន្តរជាតិ នៅពេល បច្ចុប្បន្ននេះ នៅលើផ្ទៃដីកោះ ៥០ភាគរយ នឹងត្រូវអនុវត្តគម្រោង ជាដីពណ៌បៃតង ដោយមានស្ថាបនា សួនច្បារតំបន់សួនពណ៌បៃតង និងសួនច្បារ តាមបណ្តោយផ្លូវ នៅពេលដែលប្រជាជនរស់ នៅលើកោះនេះ នឹងអាចស្រូបយកខ្យល់អាកាស បរិសុទ្ធ មានផាសុខភាព។

គួរបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលកោះពេជ្រ ជាតំបន់ ដែលបាននឹងកំពុង អភិវឌ្ឍន៍មួយដ៏ធំ ក្នុងចំណោម តំបន់អភិវឌ្ឍន៍ដទៃទៀត ហើយក៏ជាតំបន់ អភិវឌ្ឍន៍ដែលបានជួយ កែប្រែទិដ្ឋភាព ទីក្រុងភ្នំពេញឲ្យ ស្រស់បំព្រងឡើង និងបង្ហាញពីការអភិវឌ្ឍន៍ និងការរីកចម្រើន របស់ប្រទេសកម្ពុជា លើឆាកអន្តរជាតិផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី