បណ្តាញសង្គម

ទីបំផុត Justin Bieber អាចបំបែកកំណត់ត្រា៥៩ឆ្នាំមុនតពីតារាជើងចាស់ Elvis Presley​

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២០នេះ Justin Bieber ទទួលបានជោគជ័យច្រើនសន្ធឹកសន្ធាប់ សម្រាប់ដំណើរវិលមកវិញលើកនេះ។

អ្វីដែលកាន់តែពិសេស លើសពិសេសនោះគឺថាពេលនេះ Justin Bieber តារាចម្រៀងកើតឆ្នាំ ១៩៩៤ ក៏បានក្លាយជាម្ចាស់តំណែងលេខ ១ ប្រចាំតារាង Billboard 200 តាមរយៈអាល់ប៊ុមថ្មី «Changes»។ អាយុទើប ២៥ឆ្នាំ ប៉ុន្តែលោកអាចបំបែកកំណត់ត្រាអស្ចារ្យស្មានមិនដល់ ហើយជោគជ័យនេះក៏បានធ្វើឲ្យ Justin ក្លាយជាតារាចម្រៀងក្មេងជាងគេក្នុងប្រវត្តិសាស្ត្រដែលទទួលជ័យជម្នះឈ្នះតំណែងកំពូលទី១ ដល់ទៅ ៧ដងផ្ទួនៗគ្នា (បំបែកកំណត់ត្រាតារាចម្រៀងជើងចាស់ Elvis Presley ដែលកាន់តំណែងនេះកាលពី ៥៩ឆ្នាំមុន)។

អាលប៊ុម «Changes» នេះផងដែរ គឺជាអាល់ប៊ុមដំបូងបង្អស់របស់ Justin ក្រោយលោកខកខានចេញស្នាដៃថ្មីៗរយៈពេលជាង ៤ឆ្នាំ មានន័យតាំងពីអាល់ប៊ុម «Purpose» ដែលក៏ជាអាល់ប៊ុមដែលនាំ JB ឈានដល់តំណែងទី១ កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៥។ គួរដឹងដែរថា តារាង Billboard 200 គឺជាតារាងចំណាត់ថ្នាក់អាល់ប៊ុមល្បីៗប្រចាំសប្ដាហ៍នៅសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Sabay