បណ្តាញសង្គម

សួស សងវាចា នៅតែត្រដចង់ចូលសិល្បៈឡើងវិញ

តារាចម្រៀងដែលនិយមបទមនោសញ្ចេតនា និងរាំវង់ប្រពៃណីខ្មែរ លោក  សួស សងវាចា ប្រាថ្នាចង់បានសុខភាពល្អដូចដើម

ហើយមានឱកាសចូលប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ នៅគ្រាដែលស្ថានភាពជំងឺរបស់លោកបានធូរស្បើយបន្ដិច តែខ្វះថវិកាដើម្បីព្យាបាលបន្ថែម។ លោក សួស សងវាចា៖" ខ្ញុំនៅតែស្រឡាញ់ពេញចិត្ដនឹងអាជីពសិល្បៈ ហើយបើបងប្អូននៅតែគាំទ្រខ្ញុំ ខ្ញុំនៅតែច្រៀង។

ឥឡូវនេះសំឡេងខ្ញុំអត់មានបញ្ហាទេ តែបើច្រៀងយូរពេកទៅ វាទៅជារឹងបំពង់ករ និងពិបាកនិយាយ ដោយសារជំងឺឡើងឈាមហ្នឹងប្អូន"។ អស់រយៈពេលជាង៥ ឆ្នាំហើយដែលលោក សួស សងវាចា បាត់មុខពីពិភពសិល្បៈដោយសារជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួន។ បច្ចុប្បន្នលោក កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ហើយនៅរៀងរាល់១ខែម្ដងលោកត្រូវទៅជួបពិគ្រោះ និងព្យាបាលជំងឺរបស់លោកជាមួយគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យលោកសង្ឃ។

តារាចម្រៀងមាឌធំ និងសំឡេងពិរោះរណ្ដំរូបនេះ នៅតែសង្ឃឹមថា រូបលោកអាចនឹងមានឱកាសជាសះស្បើយដោយមិនចាំបាច់អង្គុយនៅលើរទេះរុញ ឬដើរត្រូវគេគ្រានោះឡើយ ហើយអាចប្រកបអាជីពជាអ្នកចម្រៀងថែមទៀតផង បើលោកទទួលបានការព្យាបាលទៀងទាត់។ ប៉ុន្ដែថ្មីៗនេះ ភរិយារបស់លោកបានបង្ហាញពីបញ្ហាជីវភាព ហើយប្រកាសលក់ផ្ទះ ដើម្បីព្យាបាលជំងឺស្វាមី និងយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃ៕

ដកស្រង់ពី៖ Sabay