បណ្តាញសង្គម

ផលិតកម្ម SM បង្ហាញ​វីដេអូដ៏​មានន័យអបអរខួប ១២ឆ្នាំរបស់ SHINee

រយៈពេល ១២ឆ្នាំហើយដែល SHINee បង្ហាញមុខលើវិថី K-Pop និងតែងនៅជាប់ក្នុងបេះដូងអ្នកគាំទ្រជាច្រើន។

ជាក់ស្ដែងនៅថ្ងៃទី ២៥ ខែឧសភា ផលិតកម្ម SM បានបញ្ចេញវីដេអូពិសេសមួយដើម្បីអបអរខួបគម្រប់ ១២ឆ្នាំនៃការបង្កើតក្រុម SHINee មានចំណងជើងថា «Dozen of Years with SHINee»។ SHINee បានចេញមុខដំបូងកាលពីឆ្នាំ ២០០៨ ជាមួយនឹងបទទី ១ដែលធ្វើឲ្យពួកគេល្បីភ្លាម មានចំណងជើងថា «Replay»។

កន្លងមកជាច្រើនឆ្នាំមកនេះ SHINee ជួបរឿងជោគជ័យ រីករាយ ជូរចត់ គ្រប់សព្វបែបយ៉ាង ប៉ុន្តែពួកគេនៅតែសម្រេចបន្តចាប់ដៃគ្នាមិនលែងទោះមានរឿងអ្វីក៏ដោយ។ ងាកទៅវីដេអូដែល SM បង្ហោះពេលនេះ បានបង្ហាញគ្រប់សកម្មភាពសម្ដែងរបស់សមាជិកទាំង ៥លើឆាក នៅចំពោះមុខអ្នកគាំទ្រជាច្រើននាពេលកន្លងមក។

ភ្ជាប់ជាមួយវីដេអូក៏មានសារខ្លីមួយសរសេរថា «អស់រយៈពេល ១២ឆ្នាំមកហើយសម្រាប់យើងដែលនៅជាប់ជាមួយអ្នកគាំទ្រ។ ពួកយើងតែងដឹងគុណដល់ SHINee WORLDS ដែលបានធ្វើឲ្យយើងបញ្ចេញពន្លឺភ្លឺចែងចាំង។ នាពេលអនាគត យើងត្រូវនាំគ្នាបន្តដើរទៅមុខយឺតៗជាមួយ SHINee ទាំងអស់គ្នា»៕

 

ដកស្រង់ពី៖ Sabay