បណ្តាញសង្គម

មាន​ហេតុផល​១ ឱក សុគន្ធ​កញ្ញា បញ្ចេញ​រូប​ជាមួយ ពេជ្រ សោភា យ៉ាង​កម្រ​នៅ​ថ្ងៃ​នេះ

ត្បិតថា ជាតារាចម្រៀងរួមទ្រនំជាមួយគ្នាច្រើនឆ្នាំ ឃើញមុខគ្នាញឹកញាប់ក៏ពិតមែន ប៉ុន្តែរឿងពិតមួយ គឺថា ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា កម្រថតរូបជុំគ្នាណាស់ ក្នុងនោះសូម្បីតែសាមីខ្លួនក៏បានទទួលស្គាល់ដែរ។

នៅមិនទាន់មានមូលហេតុពិតប្រាកដនៅឡើយថាតើហេតុអ្វី ពួកគេមិនសូវមានរូបជុំគ្នានោះទេ។ ប៉ុន្តែកន្លងមកធ្លាប់មានចចាមអារ៉ាមថា ពួកគេទាំងពីរមិនសូវស៊ីខ្សែគ្នាប៉ុន្មានទេ ក្នុងនាមជាខ្លាញី២នៅក្នុងទ្រនំតែមួយ ប៉ុន្តែសាមីខ្លួនទាំងពីរមិនដែលបកស្រាយឡើយ។ រហូតមកទល់នឹងពេលនេះ ទើប សុគន្ធកញ្ញា ដែលពេលនេះបានក្លាយជាប្អូនថ្លៃរបស់ថៅកែផលិតកម្ម បានបញ្ចេញរូបមួយសន្លឹកជាមួយ ពេជ្រ សោភា យ៉ាងកម្រ ព្រមជាមួយសារខ្លីមួយផង។

កញ្ញា សរសេរថា "មិនសូវមានរូប ជាមួយគ្នាទេ.. លើកក្រោយពេលជួបគ្នាត្រូវថតរូបឲ្យបានច្រើនៗ!”។ រូបមួយសន្លឹកនេះ ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេទាំងពីរមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈតាមពិត អ្នកម្ដាយរបស់ ឆលី ចង់ឆ្លៀតឱកាសដើម្បីជូនពរដល់មិត្តភ័ក្តិក្នុងថ្ងៃពិសេសផង។

ម្សិលមិញនេះ ពេជ្រ សោភា បានប្រារព្ធពិធីខួបកំណើតក្នុងលក្ខណៈឯកជនមួយ ដែលជាខួបគម្រប់ ៣៧ឆ្នាំរបស់នាង។ ក្នុងឱកាសនេះ គេឃើញមិត្តរួមអាជីពរបស់ សោភា ពិសេសក្រុមតារាចម្រៀងហង្សមាស បានចូលមកជូនពរនាងហូរហែ ហើយ ឱក សុគន្ធកញ្ញា ក៏ដូចគ្នា។

"ថ្ងៃនេះចង់និយាយថា រីករាយថ្ងៃកំណើតឯង.. ជូនពរឯងមានសុខភាពល្អ ការងារកាន់តែរីកចម្រើន មុខរបរជោគជ័យ លុយហូរចូលដូចទឹក ហើយសម្រស់វិញមិនបាច់និយាយដឹងតែស្អាតជាអមតៈ"៕

ដកស្រង់ពី៖Sabay