បណ្តាញសង្គម

ពិត​ទេ​ដែល​ថា ខេម អាច​នឹង​ចូល​រួម​ជាមួយ Galaxy Navatra?

នៅមួយរយៈចុងក្រោយតារាចម្រៀងផលិតកម្ម ថោន គឺលោក ខេម

ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីស្ថិតក្នុងការសង្ស័យថា អាចជាតារាចម្រៀងម្នាក់ទៀតដែលអាចនឹងចេញពីទ្រនំចាស់ ផ្លាស់ទៅទ្រនំថ្មី នោះគឺផលិតកម្ម Galaxy Navatra ដែលបាន និងកំពុងពេញនិយម។ តម្រុយនេះ មិនមែនទើបតែកើតឡើង ក្រោយពី មាស សុខសោភា បានប្រកាសដើរចេញពីថោននោះទេ ប៉ុន្តែការសង្ស័យបានកើតឡើងចាប់តាំងពីចុងឆ្នាំ ២០១៩ មកម្ល៉េះ។

ចំណុចដែលគួរឲ្យសង្ស័យ គឺថា លោក ខេម ដែលជាតារាចម្រៀងរបស់ថោន ប៉ុន្តែបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធយ៉ាងចំហជាមួយនឹងឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាថៅកែផលិតកម្ម Galaxy Navatra រួមទាំងថ្នាក់ដឹកនាំខ្លះទៀតរបស់ផលិតកម្មទៅវិញ។ ភាពយន្តជិតស្និទ្ធនោះ កាន់តែបង្ហាញឲ្យឃើញច្បាស់ថែមទៀត ក្រោយពីឧកញ៉ាវ័យក្មេង បានប្រកាសគម្រោងផ្សារ "កសិផលធម្មជាតិ ឡេង ណាវ៉ាត្រា" កាលពីដើមឆ្នាំនេះ ខេម ត្រូវបានគេមើលឃើញថា ជាតារាទី១ដែលបានស្ម័គ្រខ្លួនចូលមកជួយម្ចាស់គម្រោងផ្សារ ក្នុងចេតនាឡើងកម្ពស់ផ្សារ ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់ផលិតផលកសិកម្មធម្មតាជាតិដែលដាំដុះដោយកសិករខ្មែរ។

គ្រោះនោះ ខេម បានស្ម័គ្រចូលខ្លួនមកធ្វើអ្នកផ្សព្វផ្សាយលើកកម្ពស់ពីគម្រោងនេះ ដោយមិនគិតប្រាក់ឡើយ ខណៈគេដឹងថា ប្រសិនបើគម្រោងផ្សេងដែលត្រូវការលោកធ្វើជាតារាតំណាង ដើម្បីលើកកម្ពស់ផលិតផលរបស់ខ្លួននោះ តារាចម្រៀងមកពីខេត្តកំពង់ឆ្នាំង ទំនងស៊ីថ្លៃពលកម្មមិនតិចឡើយ។

ទាំងអស់នេះ ត្បិតថា ជាទំនាក់ទំនងឯកជនរបស់លោកជាមួយឧកញ៉ាវ័យក្មេង ប៉ុន្តែគេជឿថា ចង់មិនចង់ ក៏មានឥទ្ធិពលទៅលើការងារដែរ ពោលប្រសិនបើករណីពេលណាមួយ តារាចម្រៀងចង់ចាកចេញពីផលិតកម្មចាស់ ទំនាក់ទំនងនេះ ប្រាកដជាអំណោយផលល្អដែរក្នុងការចរចាការងាររវាងគ្នា។

ចំពោះបញ្ហាទាំងនេះ សាមីខ្លួនតារាចម្រៀង បានគេចវេះមិនឆ្លើយសំណួររបស់ក្រុមការងារដែលបានចោទសួរលោកតាមឆាតនាពេលកន្លងមក។ ប៉ុន្តែថ្មីៗនេះ លោកបានឆ្លើយតបជាមួយសារព័ត៌មានមួយនៅក្នុងស្រុកថា ទំនាក់ទំនងលោក និងឧកញ៉ា គឺជាការរាប់អានគ្នាខាងក្រៅ មិនពាក់ព័ន្ធនឹងការងារនោះទេ។

ចំពោះការដែលលោកសុខចិត្តទទួលផ្សព្វផ្សាយគម្រោងផ្សាររបស់ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដោយសារតែនោះជាគម្រោងលើកកម្ពស់បន្លែធម្មជាតិរបស់កសិករខ្មែរ ហើយលោកក៏ចង់ជួយពួកគេ ទើបស័្មគ្រចិត្តចូលធ្វើការងារនេះ។ បន្ថែមពីនេះលោកថា លោកធ្លាប់មានជីវភាពលំបាកលំបិន ប៉ុន្តែក្រោយបានចូលរួមជាមួយ ថោន ទើបធ្វើឲ្យមានជីវិតថ្កុំថ្កើងដូចពេលនេះ។

ដូច្នេះហើយ លោកមិនមានគម្រោងទៅណានោះទេ ពោលគឺនៅរហូតដល់ផលិតកម្មលែងត្រូវការរូបលោក។ ងាកមកខាងផលិតកម្ម Galaxy Navatra ឯណេះវិញ លោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងទូទៅបានបញ្ជាក់ថា លោកមិនមាននយោបាយអូសទាញសិល្បករណានៅផលិតកម្មចាស់មកចូលរួមជាមួយខ្លួននោះទេ។

ម្យ៉ាងវិញទៀតលោកថា Galaxy Navatra មានចំណូលចិត្តបណ្ដុះបណ្ដាលតារាចម្រៀងថ្មីៗច្រើនជាងដូចដែលប្រិយមិត្តបានឃើញនាពេលបច្ចុប្បន្ននេះស្រាប់៕

ដកស្រង់ពី៖ Sabay