បណ្តាញសង្គម

ទីបំផុតមានតម្លៃទូរសព្ទ Zoom Optical 10X សម្រាប់ទីផ្សារកម្ពុជា

បច្ចុប្បន្ននេះមានតែ Huawei P40 Pro+ ប៉ុណ្ណោះ ដែលកាមេរ៉ារបស់វាអាចធ្វើការ Zoom បែប Optical (ប្រភេទ Zoom ដែលអាចរក្សាគុណភាពរូបភាពបានល្អ) បានឆ្ងាយជាងគេគឺរហូតដល់ ១០ដង ខណៈដែលស្មាតហ្វូនភាគច្រើនមានសមត្ថភាព Zoom Optical ខ្លាំងបំផុតត្រឹម ៥ដងប៉ុណ្ណោះ។

ក្រោយពីបានចេញលក់លើទីផ្សារបរទេសមួយរយៈមក នាពេលនេះនៅកម្ពុជាចាប់ផ្ដើមមានហាងបើកទទួលការកុម្ម៉ង់ទិញ Huawei P40 Pro+ ដោយនៅហាងលក់ទូរសព្ទនីកា ឃើញមានទទួលការកុម្ម៉ង់ជាមួយតម្លៃ ១៣១៩ដុល្លារ សម្រាប់ទំហំ RAM ៨GB និងអង្គផ្ទុក ៥១២GB។

លម្អិតអំពីលក្ខណៈសម្បត្តិកាមេរ៉ារបស់ P40 Pro+ គឺមានបំពាក់ឡេន Periscope ទំហំ ៨MP ដែលអាចធ្វើការ Zoom បែប Optical ដល់ ១០ ដង, Zoom បែប Hybrid បាន ២០ ដង និង Zoom បែបឌីជីថលលាយ Optical បាន ១០០ដង។ វាក៏មានបំពាក់កាមេរ៉ាមេទំហំ ៥០MP ដែលមាន Sensor រូបភាពធំទំហំ 1/1.28" ដែលមាន Filter ជាប្រភេទ RYYB ដូចមុនដែរ គួបផ្សំដោយកាមេរ៉ា Ultra-Wide ទំហំ ៤០MP និង Sensor 3D ToF សម្រាប់វាស់ជម្រៅរូបភាព និងកាមេរ៉ា Telephoto មួយគ្រាប់ទៀតទំហំ ៨MP។

ប្រព័ន្ធកាមេរ៉ារបស់ P40 Pro+ មានសមត្ថភាពផលិតវីដេអូក្នុងកម្រិត 4K/60fps សម្រាប់វីដេអូធម្មតា និងអាចថតកម្រិត 4K សម្រាប់វីដេអូ Time-Lapse បានផងដែរ។ វាក៏មានមុខងារ Super Steady Telephoto Video ដើម្បីពង្រឹងសមត្ថភាពថតវីដេអូលើកាមេរ៉ា Telephoto ឲ្យមានលំនឹងល្អ។

បន្ថែមពីនេះកាមេរ៉ា Ultra-Wide អាចថតវីដេអូប្រភេទ HDR និងមាន ISO រហូតដល់ ៥១ ២០០ ពេលថតនៅទីងងឹត។ អេក្រង់របស់ P40 Pro+ មានទំហំ ៦,៥៨ អ៊ីញ ជាប្រភេទ OLED មាន Refresh Rate 90Hz ដែលមានកម្រិតបង្ហាញ ១២០០x២៦៤០ ភីកសែល។ នៅលើអេក្រង់មានទ្រនាប់ស្កេនម្រាមដៃ និងមានចោះរន្ធសម្រាប់បំពាក់កាមេរ៉ា Selfie ទំហំ ៣២MP ដែលកាមេរ៉ានេះអាចថតវីដេអូបានដល់កម្រិត 4K/60fps និងមានអមដោយប្រព័ន្ធស្កេនមុខ IR ដ៏មានសុវត្ថិភាពផងដែរ៕

ដកស្រង់ពី៖sabay