បណ្តាញសង្គម

លើក​នេះ សោភា ទេពី បាន​ទម្លាយលក្ខណៈ​សម្បត្តិ​បុរស​ក្នុង​ក្ដី​ស្រមៃ​របស់​នាង!

ជារឿយៗ តារាចម្រៀងស្រីដែលនិយមច្រៀងឡើងវិញនូវបទមរតកដើម សោភា ទេពី តោះតើយ ឬមិនចង់ឮពាក្យគេសួរពីជីវិតឯកជន ជាពិសេសស្នេហារបស់នាងឡើយ។

ភាពតោះតើយនេះ កើតមានក្រោយនាងមានស្នាមរបួសបេះដូងជាមួយតារាម៉ូដែលម្នាក់ ដែលនាងអះអាងថា មុនបែកគ្នាគេធ្លាប់ផ្អែមល្ហែម និងមើលថែយល់ចិត្តគ្នាបានយ៉ាងល្អ ហើយអនុស្សាវរីយ៍ខ្លះនាងមិនទាន់បំភ្លេចបាននៅឡើយ។ ទោះជាយ៉ាងណារឿងរ៉ាវស្នេហាបែកបាក់ដែលបានកើតឡើងតាំងពីជាង២ឆ្នាំមុននោះ ត្រូវបាននាងបញ្ជាក់ថា អនុស្សាវរីយ៍ខ្លះនៅដិតជាប់ក្នុងអារម្មណ៍ តែអត់មានចិត្ដថាចង់ត្រូវគ្នាឡើងវិញឡើយ។

ទេពី មិនបានប្រាប់ពីមូលហេតុដែលស្នេហារបស់នាងដើរដល់ផ្លូវបំបែកនោះទេ ដោយគ្រាន់តែប្រាប់ដោយខ្លីថាអ្វីដែលហួសហើយឲ្យវាហួសទៅចុះ ហើយទុកពេលរកលុយ និងចាប់ផ្ដើមជីវិតថ្មីវិញ។ ទាក់ទងនឹងរឿងគូស្រករថ្មីវិញ សោភា ទេពី បានបង្ហើបប្រាប់ Sabay ថា បច្ចុប្បន្នមិនទាន់មានបុរសណាម្នាក់ដែលនាងត្រូវពិចារណាយកធ្វើជាគូអនាគតនៅឡើយទេ ហើយកញ្ញាអាចនឹងទំនេរដូច្នេះរហូតដល់១០ឆ្នាំទៀតក៏បានបើគូព្រេងថ្មីមិនទាន់ដល់។

ចំពោះសំណួរថាតើបុរសដែលមានរូបសម្បត្តិបែបណា ឬគុណសម្បត្តិបែបណាដែលនាងគួរពិចារណាជាថ្មីនោះ? ស្រាប់តែនាងឆ្លើយថា អ្នកសិល្បៈក៏បាន ឬអ្នកជំនួញក៏បានឲ្យតែមានចរិតចាស់ទុំ និងយល់ចិត្តនាង។ សោភា ទេពី៖"និយាយដោយត្រង់ខ្ញុំស្រឡាញ់បុរសដែលមានសម្បុរស ខ្ពស់ មាឌស្ដើង ចង់និយាយថាអត់ស្រឡាញ់អ្នកមានសាច់ដុំទេ ហើយចរិតវិញចាស់ទុំ មិនសាំញ៉ាំច្រើន តែត្រូវស្វីតៗហ្មង"។

ចូលឆ្នាំ២០២០ នេះ សោភា ទេពី មានវ័យ១៧ឆ្នាំហើយ ហើយរូបសម្រស់របស់នាងក៏កាន់តែស្រស់ស្អាត ទន្ទឹមនឹងការលេងខ្លួន និងភាពស៊ីវិល័យរបស់នាងត្រូវបានបង្ហាញជាបន្ដបន្ទាប់។ ជីវិតឯកជនរបស់នាង ត្រូវបានអ្នកគាំទ្រកាន់តែចង់ដឹង ដោយសារតែនាងបានលេចមុខច្រើនតាមឆាកប្រគំតន្ត្រី និងChanel Youtubeតាមរយៈបទចម្រៀងជាច្រើនដែលនាងCover ចាប់តាំងពីឆ្នាំ២០១៧ មក៕

ដកស្រង់ពី៖ Sabay