បណ្តាញសង្គម

ដោយសារ​បច្ចេកវិទ្យាទំនើបម្លឹងៗ ទើបអ៊ីស្រាអែលឈានមុខគេខាងឧស្សាហកម្មចិញ្ចឹមគោយកទឹកដោះ

ត្បិតថាអ៊ីស្រាអែលជាប្រទេសដែលមានលក្ខខណ្ឌមិនសូវអំណោយផល ដូចជាកត្តាអាកាសធាតុស្ងួត និងមានកង្វះខាតទឹក ប៉ុន្តែទិន្នផលនៃការផលិតទឹកដោះគោពីគោមួយក្បាល មានការកើនឡើងឥតឈប់ឈរចាប់ពីអំឡុងទសវត្សឆ្នាំ ១៩៥០ ដែលកើនឡើងពី ៤ពាន់គីឡូក្រាម/មួយឆ្នាំ ដល់ជាង ១២០០០គីឡូក្រាម/មួយឆ្នាំ ក្នុងឆ្នាំ ២០១៨។

នេះក៏ដោយសារឧស្សាហកម្មផលិតទឹកដោះនៅអ៊ីស្រាអែលមានលក្ខណៈទំនើបឈានមុខ។បច្ចេកវិទ្យាទំនើបៗដែលគេបានប្រើក្នុងឧស្សាហកម្មផលិតទឹកដោះគោនៅអ៊ីស្រាអែល មានដូចជាការច្របាច់យកទឹកដោះដែលបញ្ជាដោយប្រព័ន្ធកុំព្យូទ័រ និងប្រព័ន្ធដាក់ចំណី, ប្រព័ន្ធជួយបញ្ចុះកម្ដៅឲ្យសត្វគោ, ឧបករណ៍ចម្រាញ់ទឹកដោះគោ គួបផ្សំជាមួយនឹងបច្ចេកទេសគ្រប់គ្រងកសិដ្ឋានដែលប្លែកពីគេ បានធ្វើឲ្យឧស្សាហកម្មផលិតទឹកដោះគោរបស់អ៊ីស្រាអែលឈានមុខគេទាំងលើប្រសិទ្ធភាព និងទំហំផលិត។

បន្ថែមពីនេះដែរ គេបានបំពាក់នូវ Sensor ពិសេសលើសត្វគោ ដែលអាចវាស់ទម្ងន់សត្វគោជាប្រចាំថ្ងៃ និងវាស់លើសមាសភាពផ្សំនៃទឹកដោះរបស់គោអំពីចំនួនប្រូតេអ៊ីន ខ្លាញ់ ជាតិស្ករ និងសារធាតុផ្សេងទៀត ហើយគេក៏អាចប្រើ Sensor នេះសម្រាប់ត្រួតពិនិត្យលើការទំពា និងការស៊ីចំណីរបស់សត្វគោផងដែរ។

Sensor នេះបានចូលរួមចំណែកជួយឲ្យសត្វគោមានសុខភាពល្អ និងជួយបង្កើនសមត្ថភាពផលិតឡើងវិញរបស់សត្វគោ ក៏ដូចជាជួយបង្កើនប្រសិទ្ធភាពក្នុងពេលចម្រាញ់ទឹកដោះគោផងដែរ។ បច្ចេកវិទ្យាតាមដាន និងបច្ចេកវិទ្យាផ្នែកផលិតកម្មដែលគេបានប្រើប្រាស់តាមកសិដ្ឋាននៅអ៊ីស្រាអែល គឺគ្រប់គ្រងដោយក្រុមហ៊ុនអ៊ីស្រាអែលចំនួនពីរ មានក្រុមហ៊ុន Afimilk និងក្រុមហ៊ុន SCR ដែលក្រុមហ៊ុនទាំងពីរត្រូវបានគេស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវឧស្សាហកម្មផលិតទឹកដោះគោបែបទំនើបនៅអ៊ីស្រាអែល និងបាននាំចេញបច្ចេកវិទ្យារបស់ខ្លួនទៅកាន់បណ្ដាប្រទេសនៅជុំវិញពិភពលោកផងដែរ។

គួរដឹងដែរថា នៅប្រទេសកម្ពុជាយើង កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំមួយឈ្មោះថាគិរីសួគ៌ (Kirisu Farm) ក៏បានបង្កើតឡើង ដោយប្រើប្រាស់នូវបច្ចេកវិទ្យារបស់អ៊ីស្រាអែល ដែលរៀបចំឡើងដោយក្រុមហ៊ុន Afimilk ផ្ទាល់តែម្ដង។

កសិដ្ឋានគិរីសួគ៌ (Kirisu Farm) ត្រូវបានសាងសង់តាមបច្ចេកវិទ្យាដ៏ទំនើប លើផ្ទៃដី ៣០០ហិចតា នៅជ្រលងភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ដែលជាកសិដ្ឋានរបស់ក្រុមហ៊ុន Khmer Fresh Milk។កសិដ្ឋានគិរីសួគ៌ (Kirisu) នឹងគ្រោងដាក់លក់ទឹកដោះសុទ្ធសុទ្ធ និងយ៉ាអួរស្រស់របស់ខ្លួន នៅតាមផ្សារទំនើប មីនីម៉ាត ភោជនីយដ្ឋាន និងហាងកាហ្វេនានា នាពេលខ្លីខាងមុខនេះ៕

ដកស្រង់ពី៖sabay