បណ្តាញសង្គម

បែកគ្នាមិនដឹងត្រឡប់វិញថ្ងៃណា!​ តារាចម្រៀង G-Devith ផ្ដល់កាដូយ៉ាងសម្បើមដល់​ ទេព បូព្រឹក្ស

លោក ងួន ចាន់ដេវីត ហៅ G-Devith បានធ្វើរឿងដ៏អស្ចារ្យមួយក្នុងខួប៤ឆ្នាំ នៃចំណងស្នេហារបស់លោកជាមួយនឹងកញ្ញា ទេព បូព្រឹក្ស ផ្អើលអស់អ្នកសិល្បៈ និងអ្នកគាំទ្រ។

នោះ គឺជាកាដូ ឡានម៉ាក ROLLS ROYCE ដែលមានតម្លៃក្បែរលានដុល្លារ សម្រាប់ជូន កញ្ញា ទេព បូព្រឹក្ស ហើយឡានប្រភេទនេះមានឧកញ៉ា និងអ្នកមានទ្រព្យធននៅស្រុកខ្មែរតិចតួចណាស់ដែលបានជិះវា។ តាមរយៈវីដេអូឃ្លីបដែលលោក ជី ដេវីត បានបង្ហោះកាលពីថ្ងៃទី១៩ ខែកក្កដា បង្ហាញថា រូបលោកនឹងត្រូវឃ្លាតឆ្ងាយពីក្រុមការងារ និងគូរស្នេហ៍ គឺកញ្ញា ទេព បូព្រឹក្ស ដោយមិនដឹងថ្ងៃត្រឡប់មកវិញពិតប្រាកដឡើយ។

ដូច្នេះហើយទើបលោកធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយនេះជូនគូរស្នេហ៍ និងក្រុមការងារ ប៉ុន្តែប្រភេទកាដូផ្សេងគ្នា ដោយទេព បូព្រឹក្ស ទទួលបានឡាន រីឯក្រុមការងារទទួលបានខ្សែកជាអនុស្សាវរីយ៍។ គិតមកដល់រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះ Sabay មិនទាន់អាចទាក់ទង លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស ដើម្បីសុំការអត្ថាធិប្បាយលម្អិតថាតើ លោកដេវីត នឹងបែកពីបូព្រឹក្សមួយរយៈនោះ ទៅណា? ក្នុងគោលបំណងអ្វី? ហើយចេញដំណើរនៅពេលណានោះទេ? ដោយលោកគ្រាន់តែបញ្ជាក់នៅក្នុងវីដេអូឃ្លីបថា ដំណើរបែកគ្នានេះមិនដឹងថ្ងៃត្រឡប់ឡើយ ទើបលោកធ្វើខួបចំណងស្នេហ៍សម្រាប់ឆ្នាំ២០២០ ឲ្យហើយ។

នៅក្នុងវីដេអូឡាយរយៈពេលជាងកន្លះម៉ោងលោក ជី ដេវីត និយាយថា ការបង្ហាញកាដូររថយន្ដថ្មី ហើយមានតម្លៃថ្លៃនេះ មិនមែនជាការសម្ញែង ឬអួតបងប្អូនណាឡើយ ប៉ុន្តែវាជាកម្លាំងញើសឈាមរបស់លោកដែលរូបលោក និងកញ្ញា ទេព បូព្រឹក្ស សមនឹងទទួលបាន។ លោកបាននិយាយច្រើនពីជោគវាសនា និងឧបសគ្គនៅលើវិថីសិល្បៈដែលអ្នកទាំងពីរ ព្រមទាំងសមាជិកក្នុងក្រុមធ្លាប់ជួបប្រទះ ទម្រាំមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

ទោះជាយ៉ាងណា ទំនាក់ទំនងស្នេហារបស់តារាចម្រៀងពេញនិយមសម្រាប់មិត្តយុវវ័យ លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស រយៈពេល៤ឆ្នាំមកនេះ វានៅតែជាមន្ទិលសម្រាប់អ្នកគាំទ្រនៅឡើយដោយអ្នកខ្លះគិតថា វាជាស្នេហាក្លែងក្លាយ ព្រោះអ្នកទាំងពីមិនទាន់បានកាន់ដៃគ្នាចូលរោងការនៅឡើយ។

ប៉ុន្ដែរវាងពួកគេទាំងពីរ នៅតែស្និទ្ធស្នាល និងផ្ដល់ភាពផ្អែមល្ហែមដល់គ្នាទៅវិញទៅមកលើសពីគូស្វាមីភរិយា ទើបរៀបការហើយថ្មីថ្មោងទៅទៀត៕

ដកស្រង់ពី៖ Sabay