បណ្តាញសង្គម

ស្វាមី សួស វីហ្សា ហែកកេរ្ដិ៍ខ្លួនឯងកាលពីនៅលីវខ្ទេចគ្មានសល់ជាមួយម៉ូតូកញ្ចាស់១គ្រឿង

តារាសម្ដែងរូបសង្ហា Tommy ដែលជាស្វាមីរបស់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្ស មាស សួស វីហ្សា បានហែកកេរ្តិ៍ខ្លួនឯងខ្ទេចគ្មានសល់កាលនៅលីវជាមួយនឹងម៉ូតូហុងដាគប់កញ្ចាស់មួយគ្រឿង។

កាលពីថ្ងៃម្សិលមិញតារាសម្ដែង និងដើរម៉ូតរូបនេះ បានបង្ហោះរូបថតរបស់ខ្លួនចំនួន៣សន្លឹកជាមួយនឹងម៉ូតូកញ្ចាស់មួយគ្រឿងនៅឯស្រុកកំណើត ហើយលោករៀបរាប់ថា រូបលោកមានអនុស្សាវរីយ៍ជាមួយម៉ូតូនេះច្រើនណាស់កាលពីនៅកំលោះ។ ទម្រាំលោកមានថ្ងៃនេះ ឆ្លងកាត់នូវការងារតូចតាចជាច្រើនដូចជា៖ លក់ស្បែកជើងជជុះតាមចិញ្ចើមផ្លូវ ចែកខិត្តប័ណ្ណតាមស្ដុប និងរត់តុហាងចិនជាដើម។

យ៉ាងណា គេមិនទាន់ដឹងច្បាស់នៅឡើយ ថាតើម៉ូតូចាស់ក្នុងរូបដែល ថមមី ថតជាមួយនេះ ជារបស់លោកផ្ទាល់ ឬក៏ជារបស់អ្នកផ្សេង ដែលលោកយកមកថតដើម្បីរំលឹកពីអនុស្សាវរីយ៍របស់លោក ឬយ៉ាងណាឡើយ។ Tommy រំលឹកថា ពេលខ្លះលោកត្រូវការម៉ូតូជាមធ្យោបាយធ្វើដំណើរជាចាំបាច់ដើម្បីទៅសាលារៀន ឬធ្វើការម្ដងម្កាល ប៉ុន្តែអ្វីដែលគួរឲ្យខ្មាសម៉ូតូនោះ គឺលោកពុំមានទាំងលុយចាក់សាំងផង។

ដូច្នេះម៉ូតូនេះលោកនឹងមិនលក់ទៅណាឡើយ គឺទុកវាគ្រាន់ឲ្យកូន ឬចៅជំនាន់ក្រោយដឹងពីអនុស្សាវរីយ៍តស៊ូរបស់ឪពុក ឬជីតារបស់វា ថាតើមានមានប្រវត្តិតស៊ូយ៉ាងណាខ្លះជាមួយម៉ូតូមួយគ្រឿងនេះ។ សារដែលលោកបានបង្ហោះមានខ្លឹមសារដើមដូច្នេះ ៖ "អនុស្សាវរីយ៍ជាមួយវាច្រើនណាស់នៅភ្នំពេញ កាលហ្នឹងយើងក្រណាស់គ្មានលុយចាក់សាំងលើឯងគ្រប់ផង។

ពេលជិះឯងម្ដងៗគឺខ្មាសឯងណាស់ធ្វើការងើបតាំងពីម៉ោង៤ទៀបភ្លឺ បទពិសោធន៍ការងារដែលឆ្លងកាត់ពីមុនរហូតមកដល់ពេលនេះ គឺច្រើនណាស់មានដូចជា៖ រត់តុហាងចិន គិតលុយហាងតែបៃតង ចែកខិត្តប័ណ្ណតាមស្ដុប លក់ទឹកអប់ឲ្យគេ លាងឡានយកលុយទៅរៀន លក់ស្បែកជើងជជុះឲ្យគេ"។

បើតាមសារដដែលនេះបញ្ជាក់ថា ស្វាមីរបស់តារាចម្រៀងស្រី សួស វីហ្សា ក្រោយពេលប្រឡងជាប់ក្នុងកម្មវិធី Freshy boy and Girl មានការងារធ្វើ និងទទួលបានប្រាក់ខែសមល្មមហើយក្ដីក៏លោកនៅតែបន្តជិះម៉ូតូនេះដដែល។ ដូច្នេះប្រវត្តិតស៊ូរបស់លោកនៅជាប់ជាមួយនឹងម៉ូតូនេះ ហើយលោកប្ដេជ្ញាថានឹងរក្សាវាទុកឲ្យបានយូរអង្វែងទៅមុខទៀតសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានដឹង៕

ដកស្រង់ពី៖ Sabay