បណ្តាញសង្គម

កុមារី ម៉ា នីកា កំពុងដើរវិថីសិល្បៈទាំងវ័យក្មេង ដើម្បីសម្រេចបំណង២នៅក្នុងអាជីពសិល្បៈ

កុមារី ម៉ា នីកា ដែលគេឯងស្គាល់ច្រើនតាមរយៈការសម្ដែងជាតួកូនក្នុងរឿង"អ្នកម៉ាក់វ័យក្មេង" និងស្ពតពាណិជ្ជកម្មផ្សេងៗនោះ

បច្ចុប្បន្នគេអាចនិយាយបានថានាងជាពន្លកសិល្បការិនីខ្មែរល្អមួយដួងដោយសារតែក្មេងតូចនេះ អាចបន្សាំខ្លួនបានយ៉ាងល្អទៅក្នុងអាជីពសម្ដែងរបស់គេ។ ម៉ា នីកា ដែលពេលនេះមានវ័យ៨ឆ្នាំ បានប្រាប់ Sabay ក្នុងឱកាសដែលនាងចូលរួមក្នុងពិធីក្រុងពាលីដើម្បីថតរឿងភាគរបស់ខ្លួនកាលពីពេលថ្មីនេះថា នៅថ្ងៃអនាគតនាងចង់ក្លាយជាតារាចម្រៀង និងសម្ដែងដ៏ល្បីឈ្មោះម្នាក់។

តាមពិតនាងស្រឡាញ់អាជីពចម្រៀងជាងអាជីពសម្ដែង ប៉ុន្តែនាងពុំមានឱកាសបានឡើងឆាកច្រៀង ហើយផលិតកម្ម និងម្ចាស់ស្ពតនានាផ្ដល់ឱកាសឲ្យនាងតែទៅលើការសម្ដែង។

ការឈានជើងចូលសិល្បៈរបស់កុមារី ម៉ា នីកា គឺដោយសារតែស្នាដៃរបស់ម្ដាយមួយផ្នែកដែរដែលបានបង្ហោះរូបស្អាតៗ និងភាពឆ្លាតវៃរបស់នាងនៅលើបណ្ដាញសង្គមហ្វេសប៊ុកឲ្យមហាជនបានស្គាល់។

ក្រោយមកក៏មានក្រុមហ៊ុនផលិតស្ពតពាណិជ្ជកម្មឲ្យបុរីល្បីៗ គ្រឿងសម្អាង និងក្រុមហ៊ុនផលិតស្ពតអប់រំឲ្យក្រសួងអប់រំមួយ ហៅនាងទៅសម្ដែងក្នុងស្ពតទាំងនោះចាប់តាំងនាងមានអាយុ៣ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្ន ម៉ា នីកា កំពុងឈរជើងជាប់នឹងអាជីពសម្ដែង។

ជាក់ស្ដែងនាងកំពុងថតរឿងឲ្យផលិតកម្ម អិល ឌី គឺរឿង"អ្នកម៉ាក់វ័យក្មេងវគ្គ២"។ ម៉ា នីកា មិនធ្លាប់ឆ្លងកាត់សាលាសិល្បៈ ឬរៀនសូត្របានខ្ពង់ខ្ពស់នៅឡើយ ប៉ុន្តែការសម្ដែងរបស់នាងត្រូវបានទទួលស្គាល់ដោយអ្នកដឹកនាំរឿង។ រីឯការច្រៀងរបស់កុមារីរូបនេះក៏មិនអន់ដែរ ពោលគឺនាងអាចច្រៀងបទខ្មែរ និងបរទេសជាច្រើនបទ។

ម៉ា នីកា គឺជាកូនស្រីច្បងក្នុងគ្រួសារដែលមានឪពុក និងម្ដាយជាមន្ត្រីរាជការ ហើយគ្រួសារនាងមានជីវភាពប្រសើរដោយរស់នៅក្នុងបុរីមួយនារាជធានីភ្នំពេញ។ ម៉ា នីកា មានចិត្តស្រឡាញ់វិស័យសិល្ប ហើយបានប្រឡូកក្នុងអាជីពសម្ដែងតាំងពីអាយុ៣ឆ្នាំ ទាំងដែលឪពុក-ម្ដាយរបស់នាងមិនមែនជាអ្នកសិល្បៈ ឬមានជាប់សែស្រឡាយអ្នកសិល្បៈសោះនោះ ប៉ុន្តែឪពុក-ម្ដាយក៏តែងតែលើកទឹកចិត្តកូនដែរ៕

ដកស្រង់ពី៖ Sabay