បណ្តាញសង្គម

មានតម្លៃនៅខ្មែរហើយ! OnePlus Nord ទូរសព្ទ 5G តម្លៃធូរ

OnePlus Nord ជាស្មាតហ្វូន 5G តម្លៃធូរថ្មីរបស់ OnePlus ដែលបានប្រកាសចេញកាលពីចុងខែកក្កដា ដោយវាមានបំពាក់នូវចំណុចទាក់ទាញមួយចំនួនរបស់ OnePlus 8 ដែលក្នុងនោះមានដូចជាអេក្រង់ 90Hz Fluid AMOLED និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Warp Charge 30T រួមជាមួយកាមេរ៉ាមេទំហំ ៤៨MP ផងដែរ។

ស្មាតហ្វូននេះបានចេញលក់លើទីផ្សារជាច្រើននៅជុំវិញពិភពលោក កាលពីដើមខែសីហាកន្លងទៅ ហើយពេលនេះចាប់ផ្ដើមឃើញមានប្រកាសដាក់លក់លើទីផ្សារកម្ពុជាយើង ដោយនៅហាងសុខលី ឃើញមានដាក់លក់តម្លៃ ៤០៩ដុល្លារ សម្រាប់ RAM ទំហំ ៨GB និងអង្គផ្ទុក ១២៨GB។

អេក្រង់របស់ OnePlus Nord មានទំហំ ៦,៤៤អ៊ីញ ដែលអាចបង្ហាញរូបភាពក្នុងកម្រិត 1080x2400 ភីកសែល ការពារដោយកញ្ចក់ Gorilla Glass 5។ នៅលើអេក្រង់នេះដែរក៏មានបង្កប់ទ្រនាប់ស្កេនម្រាមដៃផងដែរ។នៅផ្នែកលើខាងឆ្វេងនៃអេក្រង់គឺមានកាមេរ៉ា Selfie ចំនួនពីរគ្រាប់ ដែលមានកាមេរ៉ាមួយទំហំ ៣២MP និងមួយទៀតមានទំហំ ៨MP ជាប្រភេទកាមេរ៉ា Ultrawide អាចថតរូបភាពទំហំ ១០៥ដឺក្រេ។

នៅផ្នែកខាងក្រោយមានកាមេរ៉ាចំនួនបួនគ្រាប់តម្រៀបគ្នាជាជួរ ដែលកាមេរ៉ាមេទំហំ ៤៨MP មាន Aperture f/1.75 និងមានមុខងារ OIS/EIS មកជាមួយ។ កាមេរ៉ានេះគឺដូចគ្នានឹងកាមេរ៉ាដែលគេប្រើលើ OnePlus 8។

ចំណុចខុសគ្នាធំមួយគឺកាមេរ៉ានេះអាចថតវីដេអូ 4K បានត្រឹម 30fps ប៉ុណ្ណោះ។ ចូលមកដល់កាមេរ៉ាបន្ទាប់ទៀតគឺជា Ultrawide ទំហំ ៨MP ដែលអាចថតរូបភាពទំហំ ១១៩ដឺក្រេ អមជាមួយកាមេរ៉ា Macro ទំហំ ២MP និងចុងក្រោយជាកាមេរ៉ាវាស់ជម្រៅទំហំ ៥MP។ស្មាតហ្វូននេះដំណើរការដោយបន្ទះឈីប Snapdragon 765G ដែលមានភ្ជាប់មកជាមួយនូវសេវា 5G ដែលអមជាមួយប្រព័ន្ធប្រតិបត្តិការ Android 10។ ថ្មរបស់វាមានទំហំ ៤១១៥mAh ដែលអាចសាកត្រឹម ៣០នាទី បានថ្ម ៧០%។ យ៉ាងណាក្ដីវាមិនមានអាវក្រោះការពារទឹក និងធូលីដីដូចជា OnePlus 8 នោះទេ៕

ដកស្រង់ពី៖sabay