បណ្តាញសង្គម

ព្រាប សុវត្ថិ លេង​កាន់​តែ​ធំ​​ដោយ​គ្រោង​បើក​ Resort ផ្ទាល់​ខ្លួន​ធំ​មួយ​នៅ​មណ្ឌលគីរី

តារាចម្រៀងលំដាប់កំពូលប្រចាំនៅផលិតកម្មរស្មីហង្ស មាស លោក ព្រាប សុវត្ថិ ត្រៀមបើករីហ្សត(Resort)

ផ្ទាល់ខ្លួនមួយកន្លែង នៅខេត្តមណ្ឌលគីរី ក្រោយពីដំណើរការភោជនីយដ្ឋានមួយឈ្មោះ "ផ្ទះព្រាបសុវត្ថិ" នៅខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលពីពាក់កណ្ដាលឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

នៅព្រឹកថ្ងៃទី១៣ ខែសីហា នេះ លោក ព្រាប សុវត្ថិ បានបង្ហោះសារមួយដោយមានភ្ជាប់រូបថតមានទេសភាពស្រស់បំព្រងចំនួន៤សន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង គឺជារបស់លោក បើលោកចោលធម្មជាតិនេះ លោកពិតជាមិនគួរគប្បីនឹងខ្លួនឯងឡើយ។

បើតាមការបញ្ជាក់របស់លោក ព្រាប សុវត្ថិ តាមរយៈសារដែលបានបង្ហោះនេះ គឺថារីហ្សតដែលអមដោយទេសភាពព្រៃប្រឹក្សា និងទឹកជ្រោះដ៏ត្រជាក់នៅខេត្ដមណ្ឌលគីរីនេះ ត្រូវបានលោកដាក់ឈ្មោះថា"Preap Sovath Resort” ហើយនឹងត្រូវបើកក្នុងពេលឆាប់ៗនេះហើយ។

Sabay មិនទាន់អាចទាក់ទងលោក ព្រាប សុវត្ថិ ដើម្បីសួរលម្អិតជុំវិញគម្រោងបើករីហ្សតនេះនៅឡើយទេ។ ប៉ុន្តែប្រភពមួយធ្លាប់បង្ហើបថា ចូលដល់ឆ្នាំ២០២០ នេះ លោក ព្រាប សុវត្ថិ រវល់នឹងរឿងរកស៊ីច្រើនជាងការងារសិល្បៈ និងការងាររដ្ឋរបស់លោក។ ទន្ទឹមនឹងរវល់ខ្លាំងជាមួយនឹងហាងទើបបើកថ្មីនៅភ្នំពេញ លោកក៏ចេញចូលខេត្តមណ្ឌលគីរីញឹកញាប់ដែរ ដើម្បីចាត់ចែងរៀបចំរីហ្សតរបស់លោកដែលគ្រោងបើកជាយូរមកហើយនោះ៕

ដកស្រង់ពី៖ Sabay