បណ្តាញសង្គម

គ្រាន់​តែ​ចូល​ភ្លាម​ប្រឡូក​អចលនទ្រព្យ​ភ្លាម ចាន់ ផារុំ ត្រូវ​មួយ​ឈុត​ធំ ដឹង​ប៉ុន្មាន​ទេ?

តារាម៉ូដែលខ្ពស់ស្រឡះ ចាន់ ផារុំ បានងាកទៅចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ អស់រយៈពេលប្រមាណ២ខែមកហើយ ដោយនៅក្នុងរយៈពេលនោះ នាងបានលក់ដាច់មួយឈុតធំទាំងមិននឹកស្មានដល់ទាល់តែសោះ។

គិតមកដល់ពេលនេះ ផារុំ បានចូលធ្វើជាភ្នាក់ងារលក់អចលនទ្រព្យឲ្យក្រុមហ៊ុនអចលនទ្រព្យធំមួយលក់គម្រោងខុនដូ។ ការងារនេះ នាងបានចូលខ្លួនមកធ្វើ ក្រោយពេលដែលការងារសិល្បៈកាន់តែស្ងប់ស្ងាត់ទៅៗ ចាប់តាំងពីការមកដល់មេរោគខូវីដ១៩នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះហើយ ផារុំ ប្រាប់ថា នាងងាកមកលក់ខុនដូ ក៏ព្រោះតែចង់រំដោះទាល់ជីវភាពប៉ុណ្ណោះ ខណៈចំណូលពីការងារសិល្បៈត្រូវរាំងខ្ទប់ស្ទើរទាំងស្រុងនោះ។ ប៉ុន្តែអ្វីៗ ប្រែជាល្អលើសពីការគិតទុក ដោយក្នុងនោះ នៅខែដំបូងនាងអាចលក់ចេញខុនដូជាច្រើន Unit ទាំងនឹកស្មានមិនដល់។

"ដំបូងៗគិតថា គ្រាន់តែលក់លេងៗ តែមានអីស្រាប់តែលក់ដាច់ច្រើនគួរសម...ខ្ញុំអត់សង្ឃឹមលក់ដាច់អីទេ ព្រោះតែ ខូវីដ អីចឹង ប៉ុន្តែមិនអីចឹង អ្នកគេមានលុយ គេសម្រុកទិញពេលហ្នឹង វានៅធូរថ្លៃ!”។ ចាន់ ផារុំ ថ្លែង។ ចាន់ ផារុំ មិនបានបង្ហើបថា នាងលក់បានតួលេខខុនដូសរុបប៉ុន្មាន ហើយមានរង្វង់ទឹកប្រាក់សរុបប៉ុន្មាន ប៉ុន្តែនាងបង្ហើបថា កម្រៃជើងសារដែលនាងរកបានពីការងារដែលដំបូងគិតថា ធ្វើលេងៗនេះ គឺប្រមាណជិត ១ម៉ឺនដុល្លារអាមេរិកដែរ។

"បានគួរសមដែរបង បើគិតសរុបទៅប្រមាណ ២ខែហ្នឹង ខ្ញុំរកបានខ្ទង់ ៧-៨ពាន់ដុល្លារដែរ!”។ តារាស្រីកម្ពស់ កម្ពស់ ១,៧១ ម៉ែត្ររូបនេះ បញ្ជាក់ថា សមិទ្ធផលពីការងារដំបូងក្នុងវិស័យអចលនទ្រព្យ បានធ្វើឲ្យនាងរីករាយមែនទែន និងមិននឹកស្មានទាល់តែសោះ។ ដូច្នេះហើយ សមិទ្ធផលនេះ បានធ្វើឲ្យមានកាន់តែមានទឹកចិត្ត ក្នុងការប្រឡូកក្នុងការងារជាភ្នាក់ងារលក់អចលនទ្រព្យនេះទៀត។

តែយ៉ាងណា ក៏មិនមានន័យថា នាងនឹងលែងរវីរវល់ជាមួយសិល្បៈទៀតនោះដែរ។ ផារុំ ថ្លែងថា ការងារសិល្បៈជាការងារដែលនាំឲ្យគេស្គាល់ថានាងជានរណា ហើយជាក់ស្ដែងការលក់អចលនទ្រព្យដាច់ក្នុងរយៈខ្លី រកចំណូលបាន ក៏ដោយសារគេស្គាល់នាងតាមរយៈសិល្បៈដែរ។

ដូច្នេះហើយ នាងមិនចោលសិល្បៈដាច់ខាត ហើយដរាបណា ខូវីដ រលាយពីកម្ពុជា នាងក៏នឹងងាកមកបន្តការងារសិល្បៈរបស់នាង ហើយការងារអចលនទ្រព្យក៏នៅតែបន្តក្នុងពេលជាមួយគ្នាដែរ។ ចំពោះផែនការចំពោះអាជីពសិល្បៈ ក្រៅពីមិនមានគម្រោងបោះបង់ ផារុំ បង្ហើបថា នាងគ្រោងនឹងលូកឲ្យជ្រៅក្នុងការងារសម្ដែងថែមទៀត ខណៈក្នុងអតីតកាលនាង រវល់ខ្លាំងតែជាមួយការងារម៉ូដែល។

ធ្វើបែបនេះ ដើម្បីពង្រីកទីផ្សារ ប្រយោជន៍ឲ្យប្រិយមិត្តស្គាល់កាន់តែច្រើន និងក៏ដើម្បីភាពរីកចម្រើនខាងផ្នែកការងារអចលនទ្រព្យរបស់នាងដែរ។ ផារុំ ថ្លែងថា ការងារជាតារាម៉ូដែលនាំឲ្យនាងស្គាល់មនុស្សជាច្រើននៅក្រៅប្រទេស ហើយពួកគេមានបំណងវិនិយោគតាមរយៈនាង។

"តាមពិតខ្ញុំមានម៉ូយច្រើននៅបរទេស ដែលគេចាប់អារម្មណ៍ចង់មកទិញខុនដូនៅស្រុកខ្មែរ ប៉ុន្តែដោយសារតែ ខូវីដ ហ្នឹងឯង ទើបគេមិនទាន់អាចចុះមកបាន ពេលណាស្ងប់ស្ងាត់ខូវីដ គេថានឹងចុះមកភ្លាម!”៕

ដកស្រង់ពី៖ Sabay