បណ្តាញសង្គម

អបអរ អ៊ុំ សក្ខណា លា​ចាក​ជីវិតរស់នៅរសាត់អណ្ដែតតាមផ្ទះជួលហើយ!

តារាសម្ដែងស្រីចាស់វស្សា អ៊ុំ សក្ខណា បានបញ្ចប់ជីវិតរស់នៅរសាត់អណ្ដែតតាមផ្ទះជួលជាង៣០ឆ្នាំនៅក្នុងទីក្រុងហើយ។

បច្ចុប្បន្នអ្នកស្រី បានសម្រេចចិត្ដទិញផ្ទះបង់រំលស់១ល្វែងនៅបុរីពិភពថ្មី"គួរស្រូវ" ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកស្រី អ៊ុំ សក្ខណា និយាយថា បច្ចុប្បន្នរូបគាត់ និងក្មួយៗ បានរួមគ្នារកលុយបង់រំលស់ផ្ទះ ដោយមានក្មួយ២នាក់រត់កង់បី និងម្នាក់ទៀតបើកម៉ូតូដឹកទំនិញតាមហាង។

រយៈពេល២ខែហើយដែលរូបគាត់ និងក្រុមគ្រួសារ បានរើឥវ៉ាន់ទៅរស់នៅក្នុងបុរីនេះ ហើយដំណើរការ នៃការបង់រំលស់២ខែនេះ គឺពុំមានបញ្ហាប្រឈមឡើយ ដោយចំណូលបានមកពីអាជីពសម្ដែងរបស់អ្នកស្រី និងការរត់កង់បីរបស់ប្អូនៗ អាចរកប្រាក់បង់ទាន់ពេលហើយ។ អ្នកស្រី អ៊ុំ សក្ខណា មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ។

អ្នកស្រី បានរសាត់អណ្ដែតរកស៊ីទៅស្រុកគេតាំងពីវ័យជំទង់ ដោយបានបបួលបងប្អូនរកស៊ីរត់ពន្ធសម្ភារៈប្រើប្រាស់ពីថៃតាមច្រកប៉ោយប៉ែត និងទិញអេតចាយនៅខេត្តបន្ទាយមានជ័យចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៨៦។ ក្រោយមកជំនួញរបស់អ្នកស្រី និងបងប្អូន បានជួបនឹងការខាត់បង់ ទើបធ្វើឲ្យអ្នកស្រីគ្មានដី និងទ្រព្យអ្វីសោះនៅជាប់នឹងខ្លួន។ ក្រោយមកអ្នកស្រីចេញមករស់នៅភ្នំពេញវិញ។

នៅឆ្នាំ១៩៨៩ អ្នកស្រី អ៊ុំ សក្ខណា បានចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការសម្ដែង។ ការសម្ដែងកាលណោះអ្នកស្រីមានប្រជាប្រិយភាពគួរសម ប៉ុន្តែមិនអាចរកចំណូលថួនល្មមអាចនឹងទិញដី ឬផ្ទះរស់នៅផ្ទាល់ខ្លួនទេ។ អ្នកស្រីរំលឹកថាចាប់តាំងពីឆ្នាំ១៩៨៩ រហូតមកដល់ឆ្នាំ២០២០ រូបអ្នកស្រី និងប្អូនៗបានរស់នៅភ្នំពេញដោយជួលផ្ទះគេក្នុងតម្លៃចន្លោះពី៨០ ទៅ១២០ដុល្លារ។

ទើបមកដល់ខែមិថុនា ឆ្នាំ២០២០ នេះ រូបគាត់ និងបងប្អូន បានទិញផ្ទះបង់រំលស់១ល្វែងនេះតែម្ដង៕

ដកស្រង់ពី៖ Sabay