បណ្តាញសង្គម

ណែនាំ​ឲ្យ​ស្គាល់ អ្នក​ជំនាញ​ខាង​ផាត់មុខ​ម្នាក់ ធ្លាប់​ផាត់​ឲ្យ​តារាៗ​​ល្បី​ៗ​រាប់​ភ្លេច

ក្នុងចង្កោមអ្នកសិល្បៈល្បីៗមួយចំនួនធំ ប្រហែលជា ស្គាល់ លោក សួន សុខណាវិ ហៅចែណាវិត្រួយចេក ច្បាស់មិនខាន ត្បិតអីអ្នកជំនាញផាត់មុខធ្វើសក់ ដែលប្រលូកអាជីពនេះជាង១៥ឆ្នាំ បានផាត់មុខធ្វើសក់ឲ្យសិល្បកររាប់រយនាក់មកហើយ។

លោក សួន សុខណាវិ បច្ចុប្បន្នមានអាយុ៤០ឆ្នាំ ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ កំព្រាឪពុក ដែលមានម្ដាយជាអ្នកលក់ចាប់ហួយ។ ដោយសារតែស្ថានភាពគ្រួសារមានជីវភាពលំបាក លោក ណាវិ បានរៀនបានត្រឹមតែថ្នាក់ទី១១ ប៉ុណ្ណោះ ក៏សម្រេចចិត្តមកធ្វើការនៅភ្នំពេញជាអ្នករត់តុ។

ជាអ្នករត់តុចំណូលតិច ហើយដោយលោកជាមនុស្សចរិតបែបស្រីៗ និងមានមិត្តភ័ក្ដិមិត្តជាអ្នកមានជំនាញខាងផាត់មុខធ្វើសក់ផងនោះ លោកក៏ទៅរៀនផាត់មុខធ្វើសក់ជាមួយ រួចក៏មានឱកាសចាប់អាជីពនេះតាំងពីពេលនោះមក។ ដំបូងឡើយ ណាវិ មានការអៀនខ្មាសក្នុងការចាប់យកអាជីពនេះ ព្រោះគិតថាខ្លួនជាមនុស្សប្រុស ប៉ុន្តែដោយឃើញវិស័យនេះ មានមនុស្សប្រុសចរិតបែបស្រីៗដូចលោកច្រើន ហើយសុទ្ធតែជាអ្នកមានសមត្ថភាព ក៏សម្រេចចិត្តដោយមិនរុញរាឡើយ។

ណាវិ បានបន្តរៀបរាប់ឲ្យដឹងថា លោកបានរៀន និងធ្វើការជាមួយមិត្តភ័ក្ដិបានប្រហែល៤ឆ្នាំ ដោយដើរផាត់មុខធ្វើសក់នៅតាមសម្អាងការគេ និងតាមហាងមិត្តភ័ក្ដិផង។ "ខ្ញុំរៀនពីគេទេ ចុះតាមសម្អាងការ កាលហ្នឹងបាន១ថ្ងៃ ៣ម៉ឺនអីហ្នឹង ខ្ញុំធ្វើបាន៤ឆ្នាំ។ នៅឆ្នាំ២០០៦ CTN គេរើសអ្នក Makeup ខ្ញុំក៏ដាក់មកធ្វើនៅទីនោះ ហើយក៏ចេះតែមានទំនាក់ទំនងជាមួយអ្នកដឹក និងអ្នកសិល្បៈជាបន្តបន្ទាប់ទៅ"។

លោក សួន សុខណាវិ លើកឡើង។ អ្នកជំនាញផាត់មុខដែលតារាល្បីៗជាច្រើនស្គាល់រូបនេះបានបន្តឲ្យដឹងថា ក្រោយបានក្លាយជាអ្នក Makeup ឲ្យ CTN គួបផ្សំខ្លួនមានទេពកោសល្យផងនោះ អ្នកសិល្បៈដែលលោកផាត់មុខឲ្យ ក៏ដូចជាអ្នកដឹកនាំកម្មវិធីសិល្បៈជាច្រើនទៀត ចេះតែរាប់អានគ្នា ហើយការងាររបស់លោកក៏កើនតាមនោះដែរ។

អ្នកផាត់មុខរូបនេះ បានបង្ហើបថា បើនិយាយពីចំណូលវិញ ខ្លួន អាចទទួលបានប្រាក់ពីអាជីពចន្លោះ៨០០ ដុល្លារ ទៅ ១ ០០០ ដុល្លារ ក្នុងមួយខែ។ ក្នុងអាជីពនេះ លោកថា សិល្បករសិល្បៈការិនីទាំងក្មេងទាំងចាស់ មិនក្រោម ១ ០០០ នាក់ឡើយ ដែលលោកបានផាត់មុខធ្វើសក់ជូន។

"និយាយរួមអ្នកសិល្បៈស្រុកខ្មែរស្ទើរតែទាំងអស់ហើយ ខ្ញុំរៀបរាប់ឈ្មោះអត់អស់ទេ តើបើសួពួកគាត់ថា ស្គាល់ ចែណាវិត្រួយចេក ឬអត់? ប្រហែលពួកគាត់ស្គាល់"។ លោក ណាវិ ថ្លែងបញ្ជាក់ ។ លោក សួន សុខណាវិ គិតថា អាជីពដែលខ្លួនធ្វើរាល់ថ្ងៃនេះ គឺជាអាជីពមួយដែលស្រួលរកប្រាក់ខ្លាំងណាស់ ប្រសិនបើចេះឲ្យប្រាកដ មានការតាំងចិត្តខ្ពស់ ត្បិតអីការងារនោះមិនប្រើកម្លាំងច្រើន ធ្វើការនៅកន្លែងត្រជាក់ទៀត ហើយធ្វើឲ្យមនុស្សសប្បាយចិត្ត វាគឺជាជម្រើសសមស្របមួយសម្រាប់លោក៕

ដកស្រង់ពី៖ Sabay