បណ្តាញសង្គម

សម្រាក​ប៉ុន្មាន​ថ្ងៃ តារា​សម្ដែង​ពីរ​ដួង​នេះ ទៅ​រំលឹក​អនុស្សាវរីយ៍​ជូរចត់​នៅស្រុក​ស្រែ​

សិល្បករ-សិល្បការិនីខ្មែរល្បីឈ្មោះមិនតិចដួងទេ ដែលមានដើមកំណើតចេញពីស្រុកស្រែចម្ការ ឬងើបចេញពីការងារស្ទូងដកលើភក់ជ្រាំ។

ប៉ុន្តែគេកម្រឃើញតារាទាំងនោះវិលទៅដកស្ទូង ឬរំលឹកអនុស្សាវរីយ៍ទាំងនោះឡើងវិញណាស់។ ដោយឡែកនៅថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃមកនេះ គេឃើញតារាសម្ដែងពីរដួង គឺលោក សន ពិសិដ្ឋ និងអ្នកនាង អន រ៉ាស៊ីសុមេត្ដា ហៅណូម័រ បានឆ្លៀតពេលទៅលេងស្រុកកំណើត ព្រមទាំងបានរំលឹកអនុស្សាវរីយ៍ដ៏កម្សត់កម្ររបស់ខ្លួនទៀតផង។

តារាសម្ដែងប្រុសសម្បូរសាច់ដុំ សន ពិសិដ្ឋ បានទៅរំលឹកអនុស្សាវរីយ៍របស់ខ្លួនដល់ស្រុកកំណើត នៅឯឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ជាមួយទេសភាពវាលស្រែដ៏ស្រស់ស្អាត។ លោកបានបញ្ចេញសារមួយថា៖"មកហូបសម្លក្ដាម ខ្យង ត្រីស្រែ បន្លែធម្មជាតិ នៅខេត្តកំពង់ស្ពឺ"។

ទន្ទឹមគ្នានេះដែរលោកក៏បានទៅដល់ទីកន្លែងអនុស្សាវរីយ៍ស្នេហាមួយដែលលោកបានថតរឿង"អន្ទាក់ស្នេហ៍" ជាមួយតួអង្គឯកស្រីដែលមានរួបសម្ផស្សស្រស់សោភាម្នាក់ដែរ។ ភាពយន្ដខ្នាតធំដែលលោកបានថតនៅទីនេះ គឺទទួលបានការគាំទ្រច្រើន ទើបលោករំលឹកអនុស្សាវរីយ៍នេះឡើងវិញដែរ ដោយភ្ជាប់វីដេអូខ្លីមួយពីទីនោះទៀតផង។

ដោយឡែកតារាសម្ដែង និងជាពិធីការិនីអ្នកនាង អន រ៉ាស៊ីសុមេត្ដា ហៅណូម័រ ដែលជាកូនអ្នកស្រែមានឪពុក-ម្ដាយជាអ្នកខេត្តតាកែវ និងខេត្តកណ្ដាល បានទៅដល់ស្រុកកំណើតរបស់ខ្លួនដែរ នៅក្នុងឱកាសឈប់សម្រាកប៉ុន្មានថ្ងៃមុននេះ។

ណូម័រ បញ្ជាក់ថា នាងកើតមកដល់៣១ឆ្នាំនេះ មិនដែលទិញអង្គរគេហូបអស់មួយរៀលឡើយ ដោយគ្រួសារនាងជាអ្នកធ្វើស្រែចម្ការដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំឆ្នាំ។

ណូម័រ៖"សូមមនុស្សមួយចំនួនកុំរើសអើងអ្នកស្រែអី ទោះយើងគ្មានវីឡា តែដីស្រែកេរ្ដិ៍ម៉ែអាចធំជាងវីឡាអ្នកផង"។ បើទោះបីជាណូម័រ មិនបានបញ្ជាក់ថាបច្ចុប្បន្ននាងនៅតែចុះភក់ដកស្ទូងខ្លួនឯងដោយផ្ទាល់ ឬជួលកម្លាំងគេឲ្យធ្វើស្រែជំនួសយ៉ាងនោះ ប៉ុន្តែនាងហាក់យល់ច្បាស់ពីគុណតម្លៃ នៃការធ្វើស្រែណាស់ ហើយនាងថែមទាំងអំពាវនាវឲ្យគេឯងផ្ដល់តម្លៃដល់កសិករខ្មែរទៀតផង៕

 

 

 

 

 ដកស្រង់ពី៖ Sabay