បណ្តាញសង្គម

ច្បាស់ការ​ហើយ​! ព្រះ​នាង​តូច ជេន ណា នឹង​យាង​ទៅ​កូរ៉េ​នាំ​ក្រុម​តារា​កូរ៉េ​សម្រាប់​ប្រគុំ​តន្ត្រី​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ កាន់តែវិវត្តមួយកម្រិតទៅមុខដ៏ប្រសើរសម្រាប់ព្រះនាងតូចនរោត្តម ជេន ណា ព្រោះទ្រង់នឹងយាងទៅប្រទេសកូរ៉េឆាប់ៗខាងមុខនេះ ដើម្បីធ្វើការពិភាក្សាលើការងាររៀបចំការប្រគុំតន្ត្រីធំមួយនៅកម្ពុជា ។

ប្រាកដណាស់កន្លងមកមហាជនបានដឹងរួចមកហើយ អំពីសមត្ថភាព និងទេពកោសល្យរបស់ព្រះនាងនៅក្នុងវិស័យសិល្បៈ ព្រោះទ្រង់មានសមត្ថភាពខ្ពស់ក្នុងគ្រប់ទម្រង់សិល្បៈទាំងអស់មិនថា សមត្ថភាពសម្តែង ការច្រៀងទម្រង់សម័យ និងមរតកដើមក៏ដូចជា ការបញ្ចេញក្បាច់រាំបែប K-POP នោះទេ ក៏ព្រះនាងអាចរាំបាន ជាពិសេស គឺទ្រង់មានសមត្ថភាពបកស្រាយបទចម្រៀងជាភាសាបរទេសបានយ៉ាងច្រើនភាសាផងដែរ ។

ដោយឡែក កាលពីពេលថ្មីៗនេះព្រះនាងតូចបានធ្លាប់មានបន្ទូលថា ទ្រង់កំពុងសព្វព្រះរាជហឫទ័យយ៉ាងខ្លាំងទៅលើក្រុមតារាចម្រៀងកូរ៉េនោះ គឺ MOMOLAND BLACKPINK TWICE រួមទាំងតារាសម្ដែងប្រុស Lee Minho ទៀតផង ។

យ៉ាងណាមិញក៏មានប្រភពព័ត៌មានមួយបានទម្លាយឲ្យដឹងថា កម្មវិធីវប្បធម៌រវាងកម្ពុជា-កូរ៉េ នឹងឈានមកដល់ឆាប់ៗ ដូច្នេះព្រះនាងតូចនឹងយាងទៅកាន់ប្រទេសកូរ៉េ ដើម្បីពិភាក្សាជាមួយក្រុមសហប្រតិបត្តិការវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា នៅក្នុងថ្ងៃណាមួយនៃខែកញ្ញានេះ ក្នុងការរៀបចំការប្រគំតន្ត្រីមួយនៅកម្ពុជា ។

នេះបើយាងតាមសារព័ត៌មានកូរ៉េ ដែលមានឈ្មោះថា nbn បានប្រកាសអោយដឹង។ គួរបញ្ជាក់ផងដែរថា សម្រាប់តារាចម្រៀងប្រុសស្រីដែលព្រះនាងតូចនរោត្តម ជេន ណា ទ្រង់អាចរៀបចំការអញ្ជើញអាចមានក្រុមចម្រៀងស្រី MOMOLAND ដែលកំពុងតែពិភាក្សា និងជាជម្រើសទីមួយសម្រាប់ការប្រគុំតន្ត្រីខាងមុខនេះ ៕

ដកស្រង់ពី៖កោះសន្ដិភាព