បណ្តាញសង្គម

ខាត់ សុ​ឃឹម ដាក់​ប៉ុន្មាន​ឃ្លា​ពាក់​ព័ន្ធ​ករណី​​ផ្តាច់ជីវិត​ស្ត្រី​អ្នកលក់​ឡេ​ក្នុង​​បុរី​លឹ​ម​ឈាង​ហាក់

រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងបុរី លឹម ឈាងហាក់ ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

មានករណីរឿងដ៏គួរឲ្យរន្ធត់ចិត្តបំផុត ដែលមានបុរសជាស្វាមីបានលើកដៃចាក់.កផ្តាច់ជីវិតស្ដ្រីរងគ្រោះម្នាក់រហូតដល់បាត់បង់ជីវិត រីឯបុរសជាជនបង្កវិញរងរបួសធ្ងន់ ដោយព្យាយាមអារ.កខ្លួនឯងដែរ តែមិនបានសម្រេច។ ជុំវិញករណីនេះ មានមហាជនជាច្រើនបានបានលើកយកមកពិភាក្សាគ្នាទៅលើការស្មានចិត្តមនុស្សមិនដឹង។

ក្នុងនោះផងដែរ មហាជនក៏សង្កេតឃើញមានអ្នកសិល្បៈ ក៏ដូចជា អ្នកនាង ខាត់ សុឃឹម បានលើកការយល់ឃើញរបស់ខ្លួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ទៅលើមនុស្សស្រី គួរតែមានការប្រុងប្រយ័ត្នពីការជ្រើសរើសគូស្រករថា «យកប្តីមកជួយបំពេញចន្លោះខ្វះខាតអោយគ្នា សាងអនាគតរួមគ្នា ដល់ឡូវងាកចាក់.ក ងាកមកអារ.ក ស្រីៗគ្នាយើងអ្នកនៅលីវ មើលអោយមែនទែន យកមកស្រួល បែរជាមិនស្រួល បាត់បង់ជីវិតមុនអាយុ ថាមិនប្រញាប់ទេ កុំអាលអី អារឿងគូរនឹង វាមិនពុកផុយទៅណាទេ ពិបាកដែរ មនុស្សយកក្រក៏មិនប្រាកដល្អ មានក៏មិនប្រាកដអាក្រក់ ដូចគូរនេះ ដប់ឆ្នាំ នៅលើកដៃធ្វើចឹងបាន ពិតជាចិត្តមនុស្សពិបាកស្មាន សាងបុណ្យអោយច្រើន សុំជួបមនុស្សល្អៗទៅអូនៗ»។

យ៉ាងណាមិញ នៅក្នុងការបង្ហោះសាររបស់អ្នកនាង ខាត់ សុឃឹម ក៏មានមហាជន អ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ មានការយល់ឃើញដូចអ្នកនាងផងដែរ ពីព្រោះតែវាជារឿងរ៉ាវមួយដែលគ្មាននរណាម្នាក់នឹកស្មានដល់ថា វានឹងកើតមានឡើងនោះទេ។ ជាចុងក្រោយ តារាចម្រៀងស្រីពហុសិល្បៈអ្នកនាង ខាត់ សុឃឹម ក៏បានចូលរួមរំលែកទុក្ខទៅដល់ស្ត្រីរងគ្រោះ ដែលជាអ្នកលក់ឡេតាម online ម្នាក់នោះផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព