បណ្តាញសង្គម

បទ​ចម្រៀង​បុណ្យ​ភ្ជុំ​របស់​ផលិតកម្ម​ខ្នាត​យក្ស​៤ កំពុង​អង្រួន​បេះដូង​អ្នកស្ដាប់

ផលិតកម្មធំៗចំនួន៤នៅកម្ពុជា បានចេញបទចម្រៀងដ៏គួរឲ្យចាប់អារម្មណ៍ប្រដេញគ្នា ដើម្បីអបអរសាទរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២០ ដែលមានអ្នកទស្សនា និងគាំទ្ររាប់សែននាក់។

ផលិតកម្មទាំងនោះរួមមាន ផលិតកម្មរស្មីហង្សមាស ផលិតកម្មហ្គាឡាក់ស៊ី ផលិតកម្មសាន់ដេ និងផលិតកម្មថោន។ ផលិតកម្មទាំងអស់សុទ្ធតែបានចេញបទទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌដែលមានទំនុកច្រៀងថ្មី និងបទភ្លេងថ្មីស្ដាប់ទៅពីរោះប្លែក។ ផលិតកម្មខ្នាតយក្សទាំង៤ បានចេញបទចម្រៀងថ្មីៗ និងពីរោះៗជាច្រើនបទផ្សេងទៀតតាំងពីថ្ងៃបិណ្ឌទី១ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ប៉ុន្ដែ Sabay សូមលើកយកផលិតកម្មមួយមានបទមួយដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេមកចែកជូនប្រិយមិត្ត។ ផលិតកម្មរស្មីហង្ស មាស បានចេញបទដែលមានចំណងជើងថា"ជូនម៉ែ១លានខែភ្ជុំ" ច្រៀងដោយលោក ខេមរៈ សិរីមន្ដ។ និពន្ធទំនុកច្រៀង និងសម្រួលតន្ដ្រីដោយ ឈិត តេងរិទ្ធ។ បទនេះបានបង្ហោះនៅលើបណ្ដាញសង្គមយូធូបកាលពីថ្ងៃទី៣ ខែកញ្ញា ហើយគិតមកដល់ថ្ងៃនេះមានអ្នកទស្សនាជិត១លានដង(៩៤៤,៤៨៤)។

ងាកទៅផលិតកម្មហ្គាឡាក់ស៊ីវិញ។ ផលិតកម្មនេះបានចេញបទដែលមានចំណងជើងថា "ខែភ្ជុំជ្រូកយំពេញទ្រុង" ច្រៀងដោយលោក ព្រាប សុវត្ថិ។ បទនេះត្រូវបាននិពន្ធទំនុកច្រៀង និង Melody ដោយលោក យឹម តាស្រង់។ បទនេះបានបង្ហោះនៅលើបណ្ដាញសង្គមយូធូបកាលពីថ្ងៃទី៦ ខែកញ្ញាម្សិលមិញ ហើយបើគិតមកដល់ថ្ងៃនេះមានអ្នកចូលទស្សនាជាង៤សែនដង(៤១៤,៤២៩)។

ផលិតកម្មសាន់ដេ បានចេញបទដែលមានចំណងជើងថា"ស្រណោះបិណ្ឌភ្ជុំ" ច្រៀងដោយ អនុស្សាវរីយ៍ ។ ទំនុកច្រៀងដោយ សុន រដ្ឋា។ បទនេះ បានបង្ហោះនៅលើបណ្ដាញសង្គមយូធូបកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ហើយបើគិតដល់ព្រឹកនេះមានអ្នកទស្សនាជាង៣សែន៥ម៉ឺនដង(៣៥០,២៧៦)។

រីឯផលិតកម្មថោនវិញ បានចេញបទមួយដែលមានចំណងជើងថា"ក្រមុំរើសខ្យង” ច្រៀងដោយ ពេជ្រ ថាណា។ និពន្ធទំនុកច្រៀង និងMelody ដោយរ័ត្ន តាម៉ូ បទនេះត្រូវបានផលិតកម្មបង្ហោះនៅយូធូបកាលពីថ្ងៃទី៣ ខែកញ្ញា ហើយបើគិតមកដល់ព្រឹកថ្ងៃទី៧ នេះមានចំនួនអ្នកទស្សនាជាង៤សែន៥ម៉ឺនដង(៤៥៦,៤៥០)៕

 

 

 

 

ដកស្រង់ពី៖ Sabay