បណ្តាញសង្គម

Samsung លេងយុទ្ធសាស្ត្រប្លែកលើ Galaxy S20 FE នៅទីផ្សារតែមួយមានលក់ឈីបពីរប្រភេទ

កន្លងមកគេបានលេចឮរឿងជាច្រើនអំពី Galaxy S20 Fan Edition ហើយពេលនេះវិបសាយអាល្លឺម៉ង់ WinFuture.de បានបញ្ចេញព័ត៌មានលេចធ្លាយទ្រង់ទ្រាយធំអំពីលក្ខណៈសម្បត្តិទាំងអស់របស់ស្មាតហ្វូនថ្មីនេះ។លើកនេះមានការបញ្ជាក់ថា Galaxy S20 FE នឹងមានជម្រើសឈីបចំនួនពីរប្រភេទលក់លើទីផ្សារតែមួយ ដោយមានបន្ទះឈីប Exynos 990 សម្រាប់ប្រភេទ 4G និងបន្ទះឈីប Snapdragon 865 សម្រាប់ប្រភេទ 5G។

លក្ខណៈសម្បត្តិផ្សេងទៀតរបស់ស្មាតហ្វូនទាំងពីរគឺមានដូចគ្នា ដោយវាប្រើប្រាស់អេក្រង់ ៦,៥អ៊ីញ ប្រភេទ Super AMOLED មាន Refresh Rate 120Hz ជាមួយកម្រិតបង្ហាញ 2400 x 1080 ភីកសែល និងមានចោះរន្ធដាក់កាមេរ៉ា Selfie ទំហំ ៣២MP ដែលការពារដោយកញ្ចក់ Gorilla Glass 3។

វាមានគួបផ្សំដោយ RAM ទំហំ ៦GB និង RAM ទំហំ ១២៨GB ជាប្រភេទ UFS 3.1។កាមេរ៉ាក្រោយមានបីគ្រាប់ ដោយកាមេរ៉ាមេមានទំហំ ១២MP មានមុខងារ OIS គួបផ្សំដោយកាមេរ៉ា Ultrawide ទំហំ ១២MP និងកាមេរ៉ា Telephoto ទំហំ ៨MP អាច Zoom Optical បានបីដង ដែលមានមុខងារ OIS ផងដែរ។ ចំពោះការថតវីដេអូវិញ Galaxy S20 FE នឹងអាចថតវីដេអូបានដល់កម្រិត 4K។

វាក៏មានសមត្ថភាពការពារទឹក និងធូលីកម្រិត IP68, មានមុខងារ Wireless Powershare និងទ្រនាប់ស្កេនម្រាមដៃក្រោមអេក្រង់។ ថ្មមានទំហំ ៤៥០០ mAh ដែលមានល្បឿនសាក 15W។ Galaxy S20 FE រំពឹងថានឹងប្រកាសចេញឆាប់ៗនេះ អាចនឹងចុងខែកញ្ញា ឬនៅដើមខែតុលា៕

ដកស្រង់ពី៖sabay