បណ្តាញសង្គម

តម្រុយកាន់តែច្បាស់ពីតម្លៃខ្លួនរបស់​​ សីម៉ា ក្នុងការចេញថត ឬច្រៀងក្រៅស្ទូឌីយោម្ដងៗ

Galaxy Navatra ត្រូវបានគេចាត់ទុកថាជាផលិតកម្មខ្នាតយក្សនៅកម្ពុជា ព្រោះផលិតកម្មនេះ ហានចាយលុយច្រើនលើការផលិតបទចម្រៀង និងផ្ដល់កម្រៃដល់តារាចម្រៀងម្នាក់ៗក៏មិនតិចដែរនោះ។

តម្លៃខ្លួនចេញថត ឬច្រៀងក្រៅស្ទូឌីយោរបស់ផលិតកម្មមួយនេះ ក៏ត្រូវគេវាយតម្លៃថាមានតម្លៃខ្លួនមិនណយដែរ ប៉ុន្តែតាមការបញ្ជាក់របស់តារាចម្រៀងពីផលិតកម្មនេះ ថាវាមិនថ្លៃដូចការគិតឡើយ។

តន់ ច័ន្ទសីម៉ា ធ្លាប់បង្ហើបប្រាប់ Sabay ក្នុងឱកាសដែលកញ្ញាចូលរួមក្នុងកម្មវិធីអបអរកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលទៅរួមរស់ក្នុងគ្រួសារGalaxy ថា កញ្ញារីករាយ និងស្វាគមន៍គ្រប់ម្ចាស់កម្មវិធីដែលមានបំណងហៅកញ្ញាចេញទៅច្រៀង ហើយកញ្ញាក៏រីករាយក្នុងការចេញច្រៀងដែរ ឲ្យតែមានការអនុញ្ញាតពីអ្នកគ្រប់គ្រង ហើយតាមដឹងការចេញច្រៀងម្ដងៗមិនថ្លៃដូចការគិតខ្លះឡើយ។

សីម៉ា៖"សម្រាប់ឥឡូវនេះខ្ញុំទទួលបានកម្មវិធីតាមទូរទស្សន៍ និង Eventជាបន្តបន្ទាប់ហើយ សម្រាប់តម្លៃវិញ ខ្ញុំគិតថាមិនថ្លៃរហូតដល់បងប្អូនទទួលយកអត់បាននោះទេ ព្រោះអ្នកខ្លះមិនទាន់ចូលទាក់ទងផងក៏គិតថាថ្លៃបាត់ទៅហើយ"។ ត្បិតថាតារាចម្រៀងវ័យក្មេង រូបស្រស់សោភារូបនេះ មិនបានបញ្ជាក់ពីតម្លៃខ្លួនក្នុងការចេញថត ឬច្រៀងជាក់លាក់ ប៉ុន្តែតម្លៃខ្លួនរបស់នាងមិនថ្លៃដូចពាក្យចចាមអារ៉ាមកាលពីពេលកន្លងទៅនោះទេ។

ជាក់ស្ដែងរឿងល្បីថា រូបនាង និងខេម ចេញថតម៉ូតឲ្យសម្អាងការមួយនៅរាជធានីភ្នំពេញ មានតម្លៃខ្លួនរហូតដល់២ម៉ឺនដុល្លារនោះ មិនមែនជាការពិតទេ។ តារាចម្រៀងជួរមុខរបស់ផលិតកម្មGalaxy Navatra តន់ ច័ន្ទសីម៉ា ចាប់ផ្ដើមល្បីខ្លាំងក្នុងឆ្នាំ២០១៩ ក្រោយពីនាង មានកុងត្រាជាមួយផលិតកម្មខ្នាតយក្សនេះ។ បទដំបូងដែលនាងច្រៀង ហើយទទួលបានការគាំទ្រច្រើននៅក្នុងផលិតកម្មនេះ គឺបទ"បើមិនស្មោះស្រឡាញ់គ្នារកងាប់អី"។

ក្រោយមកទៀត មានដូចជាបទ"ជំងឺដាច់លុយ" និងបទ"មិត្តប្រុសចេះ Marketing" ដែលធ្វើឲ្យនាងកាន់តែល្បី៕

ដកស្រង់ពី៖ Sabay