បណ្តាញសង្គម

រឿង​ស្មាន​មិន​ដល់ ចាន់ ផារុំ និង​មិត្ត​ប្រុស Crush គ្នា និង​សេព​គប់​៥​ឆ្នាំ ឥឡូវ​បែក​គ្នា ក្រោយ​មាន​រឿង​តែ​១ថ្ងៃ

រឿងស្នេហាសុទ្ធតែជារឿងស្មានមិនដល់ ជាក់ស្ដែងដូចករណីចំណងស្នេហ៍របស់តារាម៉ូដែល ចាន់ ផារុំ និងបុរសជនជាតិបរទេសម្នាក់

ដែលមានចិត្តលើគ្នា ៥ឆ្នាំ ហើយ ៥ឆ្នាំមកទៀតសេពគប់គ្នាជាសង្សារ ប៉ុន្តែចុងក្រោយក៏បានបាក់បែកចែកផ្លូវគ្នាវិញ ត្រឹមមានរឿងតែ១ថ្ងៃប៉ុណ្ណោះ។ ចាន់ ផារុំ មិនបានបញ្ចេញអត្តសញ្ញាណច្បាស់លាស់អំពីមិត្តប្រុសរបស់នាងឡើយ ត្បិតថាមកដល់ពេលនេះពួកនាងបានបែកគ្នាទៅហើយ។

ប៉ុន្តែរំលឹកទៅដល់កាលចាប់ផ្ដើមដំបូងវិញ ផារុំ លើកឡើងថា រឿងរបស់នាង គឺគួរឲ្យអស់សំណើចបន្តិច គួរឲ្យហួសចិត្តបន្តិច ហើយក៏ឈឺចាប់ខ្លះដែរ។ “ខ្ញុំ និងគាត់ ចាប់ផ្ដើម Crush គ្នាទៅវិញទៅមក គ្រាន់តែ Crush ទេណា មានន័យថា ខ្ញុំមានចិត្តលើគាត់ គាត់មានចិត្តលើខ្ញុំ ហើយ ៥ឆ្នាំក្រោយ បានជួបគ្នាហើយក៏បានសេពគប់គ្នា!”។ ប៉ុន្តែចុងក្រោយក៏បែកគ្នាវិញត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។ ផារុំ ថ្លែង។

រំលឹកទៅដល់ដំណើរនៃការចាប់ផ្ដើមកំណើតស្នេហ៍នេះ តារាម៉ូដែលខ្ពស់ស្រឡះ បញ្ជាក់ថា នាង និងបុរសជនជាតិបរទេសរូបនោះ បានជួបគ្នា ហើយមានចិត្តលឺគ្នាទៅវិញទៅមក ប៉ុន្តែមិនដែលបានសារភាព ឬក៏ធ្វើសកម្មភាពកាយវិការណាមួយបញ្ជាក់ប្រាប់គ្នាទៅវិញទៅមកឡើយ ពោលគឺបានត្រឹមលួចស្រឡាញ់លាក់ក្នុងចិត្តរៀងខ្លួន។រហូតដល់ ៥ឆ្នាំក្រោយ ពួកនាងក៏បានជួបគ្នាម្ដងទៀត ហើយពេលនោះភាគីបុរស ក៏បានក្លាហានធ្វើតាមបេះដូង ដោយសារភាពប្រាប់នាងថា រូបគេស្រឡាញ់នាង ហើយនាងក៏ដូចគ្នា។

អីចឹងហើយ ពួកគេក៏បានសេពគប់ធ្វើជាសង្សារនឹងគ្នាអស់រយៈពេលប្រមាណជាង ១ឆ្នាំ។ ក្នុងរយៈពេលនេះ ផារុំ បញ្ជាក់ថា នាង និងមិត្តប្រុសមិនដែលមានរឿងអ្វីមិនល្អ ឬល្អក់កករធំដុំឡើយ ប៉ុន្តែទីបំផុតនៅតែមិនអាចបន្តដំណើរជាមួយគ្នាបាន បញ្ហានោះគឺថា នាង និងគេជួបគ្នាក្នុងវេលាមិនសមស្រប។

ស្រីស្អាតសម្បុរស្រអែមរូបនេះ ប្រាប់ថា នៅថ្ងៃមួយ មិត្តប្រុសបានមកប្រាប់នាងថា រូបគេមានសង្សារម្នាក់រួចទៅហើយ។ “និយាយទៅពួកយើងជួបគ្នាក្នុងពេលមិនសមគួរ គាត់ថា គាត់ស្រឡាញ់ខ្ញុំ ហើយបានព្យាយាមតាមរកខ្ញុំយូរហើយ តែមិនជួបសោះ រហូតដល់ពេលជួប គឺពេលនោះ គាត់មានគេរួចហើយ ប៉ុន្តែទំហំចិត្តស្រឡាញ់ គាត់ក៏មកទាក់ទងខ្ញុំទាំងគាត់មានគេ តែចុងក្រោយ គាត់គិតថា ខ្ញុំជាមិនមនុស្សដែលមិនគួរជួបរឿងបែបនេះ ទើបគាត់មកប្រាប់ខ្ញុំតាមត្រង់...ហើយក្រោយមកក៏បែកគ្នាទៅ និយាយទៅគឺមានរឿងតែប៉ុណ្ណឹង តែ១ថ្ងៃ ក៏បែកគ្នាតែម្ដង!”។

ត្បិតថាត្រូវបែកគ្នាមែន ប៉ុន្តែ ផារុំ បានលើកសរសើរអតីតមិត្តប្រុសថា បុរសជនជាតិបរទេសរូបនោះ គឺជាមនុស្សមានការទទួលខុសត្រូវ ដែលហ៊ានប្រាប់នាងតាមត្រង់ ដើម្បីកុំអោយអ្វីៗកាន់តែផុងខ្លាំង ពិសេសគឺរូបគេ មិនចង់ឲ្យនាងមានរងគ្រោះក្នុងរឿងស្នេហាមិនត្រូវកាលៈទេសៈនេះ។ មកដល់បច្ចុប្បន្ន ចាន់ ផារុំ និងមិត្តប្រុសបានបែកគ្នាប្រមាណជិត ១ឆ្នាំហើយ។ ស្រីស្អាតបញ្ជាក់ថា មកទល់ពេលនេះ នាងមិនទាន់រកឃើញដៃគូស្នេហាថ្មីទេ។ ប៉ុន្តែមិនមែនគ្មានអ្នកមកស្រឡាញ់ទេ គឺមកពីនាងមិនទាន់រកឃើញបុរសម្នាក់ថ្មី ដែលនាងពេញចិត្ត៕

ដកស្រង់ពី៖ Sabay