បណ្តាញសង្គម

PUBG កាត់ផ្ដាច់ចំណងជាមួយក្រុមហ៊ុនចិន Tencent នៅឥណ្ឌា

PUBG Corporation បានប្រកាសពីការកាត់ផ្ដាច់ចំណងរបស់ខ្លួនជាមួយក្រុមហ៊ុនចែកចាយហ្គេមរបស់ចិនឈ្មោះ Tencent Games សម្រាប់ទីផ្សារប្រទេសឥណ្ឌា។ ការប្រកាសពី PUBG Corporation ដែលជាអ្នកបង្កើត PUBG ធ្វើឡើងក្រោយពីហ្គេមទូរសព្ទដ៏ល្បីនេះ ត្រូវបានបិទមិនឲ្យប្រើនៅឥណ្ឌា រួមជាមួយកម្មវិធីចិនចំនួន ១១៧ផ្សេងទៀត។

ក្នុងសេចក្ដីថ្លែងការណ៍ PUBG Corporation បានបញ្ជាក់ថាខ្លួននឹងឈប់ផ្ដល់សិទ្ធចែកចាយហ្គេម PUBG Mobile នៅឥណ្ឌា ទៅឲ្យ Tencent Games តទៀតហើយ។ ផ្ទុយមកវិញ PUBG Corporation ផ្ទាល់នឹងទទួលរ៉ាប់រងការចែកចាយហ្គេម PUBG Mobile នៅប្រទេសឥណ្ឌាដោយខ្លួនឯងផ្ទាល់តែម្ដង។ ជាមួយការផ្លាស់ប្ដូរបែបនេះ PUBG Mobile ប្រហែលជាបើកឲ្យលេងនៅប្រទេសឥណ្ឌាវិញឆាប់ៗ។

ទោះបីជា PUBG Corporation មិនបានប្រាប់មូលហេតុពីក្រោយការផ្ដាច់ចំណងជាមួយ Tencent Games ប៉ុន្តែគេអាចមើលដឹងថា ការធ្វើបែបនេះគឺដើម្បីលាងឈ្មោះថាជាហ្គេមរបស់ចិន និងដើម្បីទប់ស្កាត់ការបិទមិនឲ្យប្រើនាថ្ងៃខាងមុខ។

គួរដឹងថា PUBG ផលិតឡើងដោយក្រុមហ៊ុន PUBG Corporation ដែលជាក្រុមហ៊ុនសាខាមួយរបស់ក្រុមហ៊ុន Bluehole នៃប្រទេសកូរ៉េខាងត្បូង។ បុគ្គលសំខាន់ពីររូបដែលជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតហ្គេម PUBG គឺ Chang Han Kim សញ្ជាតិកូរ៉េខាងត្បូង មានតួនាទីជាប្រធានផ្នែកផលិតនៃហ្គេម និង Brendan Greene សញ្ជាតិអៀរឡង់ ជាមេផ្នែកឌីហ្សាញ៕

ដកស្រង់ពី៖sabay