បណ្តាញសង្គម

រមណីយដ្ឋាន ទឹកជ្រោះ តាតៃ​ នៅ​ចំ​កណ្ដាល​ ធម្មជាតិ​ខៀវខ្ចី ​ស្រស់បំព្រង ប្រទេស​កម្ពុជា

កោះកុង៖ រមណីយដ្ឋាន ទឹកជ្រោះ តាតៃ ស្ថិតនៅក្នុង ភូមិតាតៃ ឃុំតាតៃ ស្រុក ស្មាច់មានជ័យ ដែលមានចម្ងាយ ប្រហែល ២០គីឡូម៉ែត្រ ពីទីរួមខេត្ដ។ ទឹកជ្រោះនេះ មានពីរដំណាក់គឺ ដំណាក់ទី មួយ មានកម្ពស់ប្រហែល ០៦ម៉ែត្រ និងដំណាក់ទីពីរ មានកម្ពស់ប្រហែល ១៥ម៉ែត្រ។

រមណីយដ្ឋាននេះ ជាតំបន់ អេកូទេសចរណ៍មួយ ដែលមិនអាចរំលងបាន និងបានទាក់ទាញ ភ្ញៀវទេសចរយ៉ាង ច្រើនកុះករ មកពីជុំវិញពិភពលោក ឲ្យមកកាន់ខេត្ត កោះកុង។ ទេសភាពទឹកធ្លាក់ សំឡេងកងរំពង នៃហ្វូងបក្សាបក្សី និងព្រៃកោងកាង ដ៏ខៀវស្រងាត់ តែងតែ ឆក់យក អារម្មណ៍ និងរំសាយ នូវភាពស្មុគស្មាញ ទាំងឡាយ របស់ភ្ញៀវទេសចរ ជាមួយខ្យល់ អាកាសដ៏ល្អបរិសុទ្ធពិតៗ។

ភ្ញៀវទេសចរ អាចរីករាយ នឹងការជិះទូក លេងកម្សាន្ត ហែលទឹក ទស្សនាសត្វបក្សី និងទស្សនា អំពិលអំពែក នាពេលរាត្រី។ នៅទីនោះក៏មាន សេវាកម្មស្នាក់នៅ រួមផ្សំនឹងភេសជ្ជៈ ក៏ដូចជាអាហារ ដ៏ឈ្ងុយឆ្ងាញ់ ផងដែរ។ ភ្ញៀវទេសចរជា ច្រើនដែលបាន ទៅដល់ទីនោះ មិនដាច់ចិត្ដ នឹងចាកចេញនោះឡើយ ក៏ព្រោះតែសម្រស់ និងបរិយាកាស ដ៏ស្ងប់ស្ងាត់ ដែលល្អបំផុត សម្រាប់ ការសម្រាកលំហែ និងផ្ដល់ផាសុកភាព ថែមទៀតផង។

ដោយឡែក ប្រជាជន ក្នុងស្រុកគួរ ជ្រើសរើស ធ្វើដំណើរទេសចរណ៍ នៅក្នុងស្រុក ឲ្យបានច្រើន ជាងការទៅកាន់ ប្រទេសដទៃ ព្រោះនៅប្រទេសកម្ពុជា មានតំបន់ ទេសចរណ៍ល្អៗ ជាច្រើនតាម បណ្ដាខេត្ត ហើយមិនតែប៉ុណ្ណោះ លោកអ្នកថែមទាំង បានចូលរួមចំណែកលើកកម្ពស់ សេដ្ឋកិច្ចជាតិ ក៏ដូចជាជីវភាពរស់ នៅរបស់ប្រជាជន នៅតាមតំបន់ ទេសចរណ៍ផងដែរ៕