បណ្តាញសង្គម

វិស្វករនៅ Facebook ដាក់ពាក្យលាឈប់ ព្រោះមិនអាចបន្តក្បាត់​មនសិការ​ដើម្បីលុយ

វិស្វករផ្នែក Software នៅ Facebook ឈ្មោះថា Ashok Chandwaney បានលាឈប់ពី Facebook កាលពីថ្ងៃអង្គារ ជាមួយលិខិតដែលបានសរសេរវាយប្រហារ Facebook ថារកប្រាក់ចំណេញពីការប្រកាន់ពូជសាសន៍។

នេះបើតាមការចុះផ្សាយរបស់ Washington Post។ ក្នុងលិខិតបើកចំហរមួយដែលបង្ហោះនៅលើក្ដារព័ត៌មានផ្ទៃក្នុងរបស់ Facebook ដែលទទួលបានដោយ Washington Post វិស្វកររូបនេះបាននិយាយពីហេតុផលនៃការលាឈប់ថា “ព្រោះខ្ញុំមិនអាចបន្តធ្វើការឲ្យអង្គភាពដែលរកប្រាក់ចំណេញចេញពីការប្រកាន់ពូជសាសន៍នៅអាមេរិក និងលើសកលលោកទាំងមូល”។

Ashok ដែលបានបម្រើការងារនៅ Facebook អស់ពេលជាង ៥ឆ្នាំបានបន្ថែមថា តម្លៃស្នូលសំខាន់ទាំងប្រាំរបស់ Facebook មានខ្លះគឺបានបាត់បង់វត្តមាន ដែលតម្លៃទាំងប្រាំមាន Be Bold, Focous on Impact, Move Fast, Be Open និង Build Social Value។

Ashok បានលើកឡើងអំពីដំណោះស្រាយមិនអាចទទួលយកបានរបស់ Facebook ចំពោះអំពើហិង្សាកាលពីថ្មីៗនេះនៅទីក្រុង Kenosha រដ្ឋ Wisconsin, អំពើប្រល័យពូជសាសន៍នៅមីយ៉ាន់ម៉ា និងការសម្រេចចិត្តទុកឲ្យការបង្ហោះរបស់លោក ដូណាល់ ត្រាំ (អំពីការព្រមានបាញ់បោះលើអ្នកធ្វើបាតុកម្ម) បន្តមាននៅលើ Facebook ជាដើម។ ការដើរចេញរបស់ Ashok គឺក្រោយពីការលាលែងជាសាធារណៈរបស់បុគ្គលិកចំនួនពីររូបកាលពីខែមិថុនា ដែលជាប់ទាក់ទងនឹងការបង្ហោះរបស់លោក ដូណាល់ ត្រាំដែរ៕

ដកស្រង់ពី៖sabay